៧វិធី ជួយសាងទម្លាប់ល្អ ឆ្ពោះទៅកាន់ក្តីស្រមៃរបស់កូនៗនាថ្ងៃអនាគត
- ការអប់រំ
- ខែធ្នូ 27, 2019
ការអប់រំកូនៗ ជាភារកិច្ចរបស់ឪពុកម្តាយគ្រប់រូប ដើម្បីជួយឱ្យពួកគេមានសីលធម៌ល្អ និងរស់នៅចុះសម្រុងក្នុងសង្គមផងដែរ។ ខាងក្រោមនេះ គឺជាបទពិសោធន៍ទាំង៧ សម្រាប់អប់រំកូនៗ៖
១.បង្រៀនពួកគេឱ្យចេះសង្កេតចំពោះរឿងងាយៗ
សម្រាប់សកម្មភាពប្រចាំថ្ងៃនៅក្នុងផ្ទះ ឪពុកម្តាយគួរបង្រៀនពួកគេឱ្យចេះសង្កេតចំពោះរឿងងាយៗដោយប្រាប់ពួកគេអំពីមូលហេតុ ផលវិជ្ជមាន និងផលអវិជ្ជមាន ដែលកូនកំពុងធ្វើ ឬកំពុងនិយាយ។ ឧទាហរណ៍ដូចជា ណែនាំកូនៗឱ្យញ៉ាំអាហារឱ្យទៀងពេល ឬថា ក្រោយញ៉ាំអាហាររួច ត្រូវដុសសម្អាតធ្មេញ ជាដើម។២.សាកល្បងឱ្យកូនហ៊ានធ្វើអ្វីថ្មីៗ
ការបណ្តោយ ឬឱ្យកូនសាកល្បងហ៊ានធ្វើអ្វីថ្មីៗ ហើយមានកំហុសខុសឆ្គង គឺមិនមែនជារឿងដែលមិនត្រឹមត្រូវ ឬថាជារឿងដែលមិនហ៊ានបណ្តោយឱ្យពួកគាត់ធ្វើនោះទេ។ ការដែលពួកគាត់សាកល្បងធ្វើអ្វីដែលថ្មី ហើយកើតមានកំហុស ឬធ្វើមិនបានល្អ គឺជារឿងមួយល្អ ក្នុងការហាត់ពត់លត់ដំ ឱ្យពួកគាត់ទទួលយកបទពិសោធថ្មីៗ។ ក្រោយពួកគាត់បានធ្វើអស់ពីសមត្ថភាពហើយ ឪពុកម្តាយត្រូវបង្ហាញហេតុផលផ្សេងៗ ដើម្បីជួយឱ្យកូនយល់កាន់តែច្បាស់ និងធ្វើបានល្អនៅពេលបន្ទាប់ទៀត។
អត្ថបទគួរអាន៖ ស្រណុកខ្លួនមួយភ្លែត តែធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាកប្បកិរិយាកូនៗទៅថ្ងៃមុខ
៣.បង្រៀនពីសុជីវធម៌
ឪពុកម្តាយគួរតែបង្រៀនកូនៗឱ្យបានច្រើន ពីរបៀបក្នុងការនិយាយស្តីជាមួយចាស់ទុំ មនុស្សមានវ័យច្រើនជាង ឬក្មេងៗក្នុងវ័យប្រហាក់ប្រហែលគ្នាជាដើម។ បង្រៀនពួកគេឱ្យចេះលើកដៃសំពះ ឱនលំទោន ឬនិយាយពាក្យសម្តីសមរម្យទៅកាន់មនុស្សក្នុងវ័យផ្សេងៗទៀត។ ជាពិសេសគួរតែលើកទឹកចិត្តពួកគាត់ ឱ្យមានភាពក្លាហានក្នុងការនិយាយស្តី វែកញែកបង្ហាញហេតុផល នៅក្នុងការប្រាស្រ័យទាក់ទង។
អត្ថបទគួរអាន៖ ចង់ឲ្យកូនៗសម្រេចដល់គោលដៅ និងមានអនាគតល្អប្រសើរ ឪពុកម្តាយគួរអនុវត្តនូវវិធីសាស្ត្រទាំង៦នេះ
៤.សង្កេតចំពោះឥរិយាបទកូនៗ
ក្មេងមានការលូតលាស់ ចម្រើនវ័យធំធាត់ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបរិយាកាសនៅជុំវិញខ្លួនពួកគេ ក៏ជាចំណែកមួយដែលជះឥទ្ធិពលចំពោះអាកប្បកិរិយារបស់ពួកគេផងដែរ។ ដូច្នេះ ឪពុកម្តាយត្រូវចេះសង្កេត និងតាមដានចំពោះការប្រែប្រួលទាំងរាងកាយ ពិសេសចំពោះអាកប្បកិរិយា និងស្ថានភាពផ្លូវចិត្តរបស់ពួកគេ។៥.នាំពួកគេដើរលម្ហែ
ឧស្សាហ៍នាំពួកគាត់ដើរលម្ហែ ដូចជានៅតាមសួនកម្សាន្ត សួនច្បារ ឬតំបន់ទេសចរណ៍ ជាដើម។ កូនៗនឹងទទួលបានបទពិសោធជីវិតថ្មី បានជួបមនុស្សថ្មី ទីកន្លែងថ្មីស្រស់ស្អាត បរិយាកាសល្អ ជាចំណែកធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា និងសប្បាយរីករាយ។ ពិសេសនឹងកាន់តែធ្វើឱ្យទំនាក់ទំនងនៅក្នុងក្រុមគ្រួសារកាន់តែមានភាពស្និទ្ធស្នាល និងយល់ពីគ្នាកាន់តែច្រើន។
អត្ថបទគួរអាន៖ តើការចិញ្ចឹមបីបាច់កូនមិនបានល្អ នឹងជះឥទ្ធិពលអាក្រក់អ្វីខ្លះដល់ពួកគេ?
៦.បង្រៀនកូនៗឱ្យចេះគិតវែងឆ្ងាយ
ក្នុងរូបភាពប្រចាំថ្ងៃ ជៀសមិនផុតពីការជួបនូវរឿងបរាជ័យ ដូចជាការប្រឡងមិនបានពិន្ទុល្អ ការរៀនមិនបានពូកែ ជាដើម។ ប៉ុន្តែ លោកអ្នកអាចបន្តការលើកទឹកចិត្ត និងប្រាប់កូនៗ កុំឱ្យពួកគាត់បាក់ទឹកចិត្ត ឬអស់សង្ឃឹម ដោយលើកទឹកចិត្តថា កូនៗនៅក្មេង ពេលវេលានៅវែងឆ្ងាយ ដូច្នេះកូនគួរធ្វើវាឱ្យបានល្អជាងនេះថែមទៀត ដើម្បីដើរឱ្យដល់ក្តីស្រមៃរបស់ខ្លួនជាដើម។៧.សង្កេតចំពោះអាកប្បកិរិយារបស់កូនៗនៅខាងក្រៅ
នៅត្រង់ចំណុចនេះមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់ពីអាកប្បកិរិយា និងឥរិយាបថរបស់ពួកគេ ថាតើកូនៗមានការចុះសម្រុងល្អកម្រិតណាពេលលេងជាមួយមិត្តភ័ក្ត ហើយអាកប្បករិយារបស់ពួកគេនៅខាងក្រៅ ខុសពីនៅផ្ទះយ៉ាងណា ជាដើម៕
អត្ថបទគួរអាន៖ ក្នុងសតវត្សទី២១នេះ តើយើង រួមទាំងកូនៗរបស់យើងផង ត្រូវចេះជំនាញអ្វីខ្លះ?
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com