ស្វែងយល់ពីអាហារដែលមានប្រតិកម្មជាមួយនឹងកុមារ ព្រមទាំងរោគសញ្ញាមួយចំនួន
- សុខភាព
- ខែវិច្ឆិកា 21, 2019
ក្មេងៗងាយនឹងកើតមានបញ្ហាអាឡែកស៊ី (allergy)ណាស់ បើសិននៅក្នុងក្រុមគ្រួសារ អ្នកធ្លាប់មានប្រវត្តិកើតមានជំងឺប្រតិកម្មស្បែក (eczema) ជំងឺហឺត (asthma) ឬអាឡែកស៊ីច្រមុះ (Hay fever) ជាដើម។
អាឡែកស៊ីជាមួយអាហារ គឺជាការឆ្លើយតបមិនត្រឹមត្រូវរបស់រាងកាយទៅលើប្រភេទអាហារជាក់លាក់ណាមួយ។ មុននឹងកើតមានអាឡែកស៊ី កុមារដែលងាយទទួលរងផលប៉ះពាល់ទាំងនោះ ប្រាកដជាធ្លាប់បានញ៉ាំអាហារដែលធ្វើឱ្យកើតមានអាឡែកស៊ីទាំងនោះ យ៉ាងហោចណាស់ក៏មួយដងដែរ។
នៅពេលដែលសរីរាង្គការពារ IgE (Immunoglobulin E) ដែលបញ្ចេញដោយប្រព័ន្ធភាពស៊ាំនៃរាងកាយ ចេញមកមានប្រតិកម្មជាមួយអាហារ អ៊ីស្ដាមីន ក៏ត្រូវបានបញ្ចេញមកក្រៅផងដែរ ដែលនេះធ្វើឱ្យស្បែកក្មេងប្រែជាក្រហមៗដោយកន្លែង រមាស់ ពិបាកដកដង្ហើម ឈឺក្រពះ ឬរាកជាដើម។ (Histamines គឺជាធាតុគីមីក្នុងខ្លួនមនុស្ស ដែលវាត្រូវបានបញ្ចេញចេញមកបន្ទាប់ពីមានរបួស ឬអំឡុងពេលអាឡែកស៊ី) ។
តើអាហារណាខ្លះ ដែលអាចបង្កឱ្យមានអាឡែកស៊ីចំណីអាហារ? យោងតាមគេហទំព័រ hopkinsmedicine.org បានឱ្យដឹងថា ប្រមាណ៩០%នៃបញ្ហាអាឡែកស៊ីចំណីអាហារ គឺបណ្ដាលមកពីអាហារចំនួន៨ប្រភេទ រួមមាន៖ ទឹកដោះគោ, ស៊ុត, សណ្ដែកសៀង, ស្រូវសាលី, សណ្ដែកដី, ត្រី, គ្រាប់ធញ្ញជាតិ, និងគ្រឿងសមុទ្រ។ រោគសញ្ញានៃអាឡែកស៊ីអាចនឹងកើតឡើង ក្រោយពេលកុមារបានញ៉ាំអាហារទាំងនោះក្នុងរង្វង់១ម៉ោងក្រោយមក។ រោគសញ្ញាទាំងនោះមានដូចជា រាករូស ក្អួត ហើម ឬរមាស់ត្រង់បបូរមាត់ អណ្ដាត បំពង់ក និងមាត់ពិបាកដកដង្ហើម ថប់ៗដើមទ្រូង ឡើងកន្ទួលរមាស់ ឬកន្ទាលត្រអាក និងសម្ពាធឈាមទាប ជាដើម។
វាមិនមានថ្នាំអ្វីដើម្បីការពារពីការអាឡែកស៊ីចំណីអាហារនោះទេ។ វិធីល្អនោះគឺ ត្រូវជៀសវាងអាហារដែលបង្កឱ្យមានរោគសញ្ញាមិនប្រក្រតីនានា។ បើសិនលោកអ្នកចិញ្ចឹមកូនដោយទឹកដោះម្ដាយផ្ទាល់ អ្នកម្ដាយទាំងឡាយ ត្រូវប្រយ័ត្នក្នុងការបរិភោគអាហារជាទីបំផុត ព្រោះជីវជាតិដែលមានក្នុងទឹកដោះម្ដាយនឹងជះឥទ្ធិពលទៅលើសុខភាពកូនទាំងមូល។
ដើម្បីការពារកូនៗរបស់លោកអ្នកពីអាឡែកស៊ីចំណីអាហារ konkmeng (កូនក្មេង) សូមផ្ដល់យោបល់ខ្លះៗដល់មិត្តអ្នកអានដូចខាងក្រោម៖
- បើសិនជាអាច លោកអ្នកគួរព្យាយាមចិញ្ចឹមបីបាច់កូនដោយទឹកដោះម្ដាយ ក្នុងរយៈពេល៦ខែដំបូងរបស់ទារក។
- មិនត្រូវឱ្យទារកញ៉ាំអាហារ ដែលមានជាតិរឹងនោះទេ បើសិនទារកមិនទាន់គ្រប់អាយុ៦ខែ។
- ជៀសវាងទឹកដោះគោ ស្រូវសាលី ស៊ុត សណ្ដែកដី និងត្រី ក្នុងអំឡុង១ខួបដំបូង របស់កូនជាទីស្រលាញ់របស់លោកអ្នក។
- ជាការល្អជាងការលើកឡើងខាងលើទៅទៀតនោះ គឺឪពុកម្ដាយគ្រប់រូបគួរតែនាំកូនៗរបស់លោកអ្នកទៅពិគ្រោះជាមួយគ្រូពេទ្រជំនាញឱ្យបានលឿនបំផុត ប្រសិនមានរោគសញ្ញាណាមួយមិនប្រក្រតី៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com