អាហារដែលស្រ្ដីគួរជៀសវាង និងគួរបរិភោគ អំឡុងពេលមករដូវ
- សុខភាព
- ខែវិច្ឆិកា 17, 2019
នៅអំឡុងពេលអ្នកមករដូវ មានរឿងជាច្រើនដែលអ្នកមិនមានអារម្មណ៍ចង់ធ្វើអ្វីផ្សេងៗ និងមានអការៈឈឺពោះ សាច់ដុំ ជាដើម។ កត្តារបបអាហារជាកត្តាចម្បងមួយ ដែលមានឥទ្ធិពលទៅលើស្ថានភាពរាងកាយរបស់អ្នកអំឡុងពេលមករដូវ។ ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរបរិភោគ និងជៀសវាង នៅពេលមករដូវ៖
ក.អាហារគួរជៀសវាង៖ ១.ការទទួលទានអាហារមានរសជាតិប្រៃ៖ អាហារមានជាតិប្រៃ ដូចជា ញ៉ាំគុយទាវពេលព្រឹកតាមហាងនានា ដំឡូងបារាំងបំពង ឬនំប្រៃ អាចធ្វើឱ្យមានអាការៈមិនល្អអំឡុងពេលមករដូវរបស់អ្នក។ លោកស្រីវេជ្ជបណ្ឌិត Angela Jones លើកឡើងថា៖ អាហារប្រៃ អាចចូលរួមធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ហើមពោះ ឈឺពោះ ឬជោទឹក ជាអារម្មណ៍ដែលស្រ្ដីតែងមានអំឡុងពេលមករដូវ។
២.ភេសជ្ជៈមានជាតិកាបូន៖ ភេសជ្ជៈដែលមានជាតិកាបូន ដូចជា សូដា ពពួកទឹកក្រូចកំប៉ុងដប ជាដើម អាចធ្វើឱ្យហើមពោះបាន។ អ្នកគួរតែបរិភោគទឹកធម្មតាជំនួសរបស់ទាំងនេះវិញ។ ការទទួលទានទឹកឱ្យបានច្រើននឹងជួយកាត់បន្ថយការហើមពោះ និងការមានអារម្មណ៍ថា មានជាតិទឹកជាច្រើនក្នុងពោះអ្នកអំឡុងពេលមករដូវ។
៣.អាហារកែច្នៃ អាហារបំពង និងអាហារដែលធ្វើឱ្យឆាប់ធាត់៖ អាហារដែលធ្វើឱ្យហើមពោះមួយមុខទៀត គឺអាហារដែលមានជាតិសូដ្យូមខ្ពស់។ អាហារកែច្នៃ គឺជាប្រភពធំបំផុតនៃជាតិសូដ្យូម។ អាហារកែច្នៃមានដូចជា ពពួកអាហារកញ្ចប់ នំកញ្ចប់ អាហារដែលផ្ទុកក្នុងប្រអប់ក្រដាស នំប័ង បឺហ្គឺរ ហតដក សាំងវ៉ិចជាដើម។ អ្នកត្រូវកាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់ត្រេន (trans fats) ដែលវាស្ថិតក្នុងអាហារបំពង ដូចជាចេកចៀន នំដូណាត់ មាន់បំពង ជាដើម។
ចំណែកឯអាហារដែលមានជាតិខ្លាញ់ខ្ពស់ (high-fat foods) មានឥទ្ធិពលខ្លាំងលើអរម៉ូនដែលសកម្មក្នុងរាងកាយ។ វាធ្វើឱ្យយើងកាន់តែឈឺខ្លាំងពេលមករដូវ។ ជៀសវាងការបរិភោគសាច់ច្រើនពេក និងអាហារដែលមានជាតិទឹកដោះគោ(Diary) ដើម្បីរក្សាកម្រិតជាតិខ្លាញ់។ កត្តានេះនឹងធ្វើឱ្យមានលំនឹងដល់អរម៉ូនអឺដ្រូសែន (Estrogen ជាអរម៉ូនភេទស្រ្ដី)។
ខ.អាហារដែលគួរបរិភោគ៖
១.បន្លែបៃតង៖ នៅពេលអ្នកមករដូវ កម្រិតជាតិដែកអ្នកនឹងធ្លាក់ចុះ។ អ្នកគួរតែញ៉ាំបន្លែបៃតង ដូចជា ខាត់ណាខៀវ ស្លឹកខ្ទឹម និងស្ពៃជាដើម ដើម្បីបំពេញនូវកង្វះខាតជាតិដែកក្នុងខ្លួន។
២.កាលស្យូម និងវីតាមីនដេ៖ កាល់ស្យូមជួយកាត់បន្ថយអារម្មណ៍បាក់ទឹកចិត្ត និងថប់អារម្មណ៍។ កាល់ស្យូម និងវីតាមីនដេ ជួយបំបាត់រោគសញ្ញាអាការៈមិនល្អមុនពេលមករដូវ ដូចជា មួម៉ៅ ខឹង ជាដើម និងកាត់បន្ថយភាពឈឺចាប់ ក្ដាមកាច់ រមួលក្រពើ ជាដើម។ អ្នកអាចស្វែងរកជាតិកាលស្យូម និងវីតាមីនដេបានតាមរយៈ ផ្លែក្រូច ចេក ប្ល៊ូបឺរី ស្វាយ ម្នាស់ ឪឡឹក ឈើរី ទំពាំងបាយជូរ ប៉ោមជាដើម។
៣.ត្រីសាលម៉ុន និងសូកូឡាត្រីសាលម៉ុន៖ គឺជាថ្នាំសម្រាប់ដោះស្រាយបញ្ហារមួលក្រពើអំឡុងពេលមករដូវ។ វាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ (omega-3 fatty acids) ដែលធ្វើការបន្ធូរសាច់ដុំ និងជួយបំបាត់ការឈឺចាប់។ អ្នកក៏អាចស្វែងរកជាតិអូមេហ្គា៣ ពីផ្លែវ៉ាល់ណាត់(walnut) ផ្លែបឺរ(avocados) និងផ្លែល្ពៅផងដែរ។ ចំណែកឯសូកូឡាខ្មៅ គឺជាប្រភពនៃជាតិម៉ាញ៉េស្យូម ដែលមិនត្រឹមតែកាត់បន្ថយអារម្មណ៍មួម៉ៅប៉ុណ្ណោះទេ ថែមទាំងជួយគ្រប់គ្រងអរម៉ូនសេរ៉ូតូអ៊ីន (Serotonin ជាអរម៉ូនគ្រប់គ្រងផ្នែករីករាយ) ផងដែរ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com