​ការ​គេង​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​ ​ការសិក្សា និង​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​សរីរាង្គ​ ​ខួរក្បាល​ ​និង​ផ្នែក​ផ្លូវចិត្ត​របស់​កុមារ​។​ ​ការ​គេង​គ្រប់គ្រាន់​ ​និង​ស្កប់ស្កល់​រៀងរាល់​យប់​ ​ជួយ​ឱ្យ​ក្មេង​សប្បាយរីករាយ​ ​ជួយ​ឱ្យ​ពួកគាត់​ផ្ចង់​អារម្មណ៍​បាន​ល្អ​ ​ចងចាំ​បាន​ល្អ​ ​និង​បង្កើន​អត្តចរិត​ល្អ​ផង​ដែរ​។​

​ក.តើ​ក្មេង​ៗ​ត្រូវការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយថ្ងៃ​?​
​តម្រូវការ​នៃ​ការ​គេង​ ​គឺ​ផ្លាស់ប្ដូរ​ទៅតាម​វ័យ​របស់​មនុស្សយើង​។​ ​យោងទៅតាម​គេហទំព័រ​ ​healthdirect.com​ ​កុមារ​ត្រូវការ​គេង​ទៅតាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​ ​
​•​ ​អាយុ​ពី៣​ ​ទៅ៥ឆ្នាំ​ ​ ​៖​ ​ពី១០ទៅ១៣ម៉ោង​ ​ក្នុង​មួយថ្ងៃ​ ​
​•​ ​អាយុ​ពី៦​ ​ទៅ១៣ឆ្នាំ​ ​ ​៖​ ​ពី៩​ ​ទៅ១១ម៉ោង​ ​ក្នុង​មួយថ្ងៃ​
​•​ ​អាយុ​ពី១៤​ ​ទៅ១៧ឆ្នាំ​ ​៖​ ​ពី៨​ ​ទៅ១០ម៉ោង​ ​ក្នុង​មួយថ្ងៃ​ ​

​ការ​គេង​គ្រប់គ្រាន់​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ក្មេង​ ​មុខងារ​ខួរក្បាល​ ​អារម្មណ៍​ ​និង​សមត្ថភាព​នៃ​សរីរាង្គ​នី​មួយ​ៗ​ ​ក្នុង​ការ​បំពេញមុខ​ងារ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ការ​គេង​មិន​គ្រប់គ្រាន់​ ​ឬ​គេង​មិនបាន​ស្កប់ស្កល់​ ​អាច​ប៉ះពាល់​ដល់​ការសិក្សា​ ​និង​ធ្វើ​ឱ្យ​ក្មេង​មាន​អារម្មណ៍​មួរ​ម៉ៅ​ ​និង​អាកប្ប​កិរិយា​មិនល្អ​។​

​ខ.តិច​និច​ដែល​ជួយ​ឱ្យ​ក្មេង​ៗ​អាច​គេងលក់​ស្រួល​ ​
​ខាងក្រោម​នេះ​ ​គឺជា​តិច​និច​មួយចំនួន​ដែល​អាច​ជួយ​ឱ្យ​កូនលោក​អ្នក​ងុយគេង​ ​និង​គេងលក់​បាន​ស្កប់ស្កល់​ល្អ​៖​ ​

១​.​បង្កើត​កាលវិភាគ​ដំណេក​ ​(​Establish​ ​a​ ​sleep​ ​schedule​)​៖​ ​ត្រូវ​ប្រាកដ​ថា​ ​កូន​របស់​លោកអ្នក​ចូលគេង​ពី​ក្បាលព្រលប់​ ​ដើម្បី​ឱ្យ​ពួកគាត់​គេង​បាន​គ្រប់គ្រាន់​។​ ​ក្រោយពេល​ដែល​លោកអ្នក​ ​បាន​កំណត់ពេលវេលា​គេង​ច្បាស់លាស់​ហើយ​ ​លោកអ្នក​ត្រូវ​ព្យាយាម​ធ្វើ​ទៅតាម​កាលវិភាគ​ឱ្យ​ក្លាយជា​ជាប់លាប់​ ​ទោះបីជា​ថ្ងៃ​ចុង​សប្ដាហ៍​ក៏ដោយ​។​ ​

២​.​បង្កើត​ទម្លាប់​ចូលគេង​ ​(​Establish​ ​a​ ​bedtime​ ​routine​)​៖​ ​ត្រូវ​ធ្វើតាម​ទម្លាប់​ពេលមុន​គេង​ឱ្យ​បាន​ទៀងទាត់​រាល់ថ្ងៃ​ ​ទៅតាម​លំដាប់លំដោយ​គឺ​ ​ទៅងូតទឹក​,​ ​ផ្លាស់​សម្លៀកបំពាក់​,​ ​ដុសធ្មេញ​,​ ​បន្ទាប់មក​អាន​សៀវភៅ​ឱ្យ​កូន​ស្ដាប់​ ​ឬ​ចំណាយពេល​ស្ងាត់ស្ងៀម​ជាមួយ​គាត់​ ​រួចហើយ​បិទភ្លើង​គេង​។​ ​៣​.​ផ្ដល់​ការរំសាយ​អារម្មណ៍​ ​(​Help​ ​your​ ​child​ ​wind​ ​down​)​៖​ ​ក្មេង​ដែល​រវល់​នឹង​ការសិក្សា​ច្រើន​ ​តែងតែ​ត្រូវការ​ពេល​ច្រើន​សម្រាប់​សម្រាក​។​ ​ដូច្នេះ​អ្នក​អាច​ចាក់​ចម្រៀង​អន្លង់អន្លោច​ ​ឬ​អាន​សៀវភៅ​ឱ្យ​គាត់​ស្ដាប់​។​ ​

​៤​.​ប្រាកដ​ថា​ ​បន្ទប់គេង​មាន​លក្ខណៈ​សមស្រប​ ​(​Make​ ​sure​ ​the​ ​bedroom​ ​is​ ​suitable​ ​for​ ​sleep​)​៖​ ​ត្រូវ​ប្រាកដ​ថា​ ​បន្ទប់គេង​របស់​កូនលោក​អ្នកមាន​ភាព​ងងឹត​ ​និង​ស្ងៀមស្ងាត់​។​ ​បើសិន​គាត់​ខ្លាច​ងងឹត​ ​នោះ​លោកអ្នក​គួរ​ប្រើ​កូន​អំពូលភ្លើង​ពង​មាន់​តូច​ៗ​។​ ​

៥​.​ជៀសវាង​ភេសជ្ជៈ​ដែល​មិន​សាក​សមនឹង​អាយុ​ក្មេង​ ​(​Avoid​ ​stimulants​)​៖​ ​ត្រូវ​ប្រាកដ​ថា​ ​កូន​របស់​លោកអ្នក​មិន​ទទួលទាន​ ​តែ​ ​កាហ្វេ​ ​សូកូឡា​ ​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​សម្រាប់​កីឡា​នានា​ ​ជាពិសេស​គឺ​ពេលថ្ងៃត្រង់​។​ ​

៦​.​បិទ​គ្រឿង​អេ​ឡិច​ត្រូ​និច​ ​(​Turn​ ​off​ ​technology​)​៖​ ​ត្រូវ​បិទ​ដំណើរការ​កុំព្យូទ័រ​ ​ថេប​ប្លែ​ត​(​Tablet​)​ ​ទូរទស្សន៍​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ផ្សេង​ៗ​ ​យ៉ាង​ហោច​ឱ្យ​បាន​មួយ​ម៉ោង​មុន​ដំណេក​របស់​កូនលោក​អ្នក​។​ ​

​គ.អាការៈ​ដែល​បង្ហាញ​ពី​បញ្ហា​ដំណេក​ ​
​បើសិន​អ្នកបង្កើត​ទម្លាប់​គេង​ល្អ​ ​ហើយ​កូនលោក​អ្នក​នៅតែ​ពិបាក​ក្នុង​ការ​គេងលក់​ ​ឬ​គេង​មិន​ស្កប់ស្កល់​ទៀត​ ​នោះ​បានន័យ​ថា​ ​ពួកគាត់​ប្រហែលជា​ជួបនឹង​បញ្ហា​ដំណេក​ហើយ​។​ ​លោកអ្នក​គួរ​អង្កេត​មើល​បញ្ហ​អត្តចរិត​របស់​ពួកគាត់​ ​ការពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ ​ឬមួយ​ការ​ឧស្សាហ៍​អស់កម្លាំង​របស់​ពួកគាត់​។​

​កូន​របស់​លោកអ្នក​ច្បាស់​ណាស់​ ​កំពុង​ជួប​បញ្ហា​ដំណេក​ ​បើសិន​ពួកគាត់​មាន​អាការៈ​ដូចជា​ ​មមើ​ដើរ​ ​បត់ជើងតូច​ដាក់​កន្លែង​គេង​ ​មាន​អារម្មណ៍​ភ័យខ្លាច​នៅពេល​យប់​ ​កកិត​ធ្មេញ​ ​ស្រមុក​ ​ឬ​ពិបាក​ដកដង្ហើម​ពេល​គេង​ជាដើម​។​

​ជា​រួម​មក​ ​ប្រស​សិន​បើ​លោ​អ្នក​គិតថា​ ​កូន​របស់​លោកអ្នក​កំពុង​មាន​បញ្ហា​ដំណេក​ ​ជាការល្អ​ ​សូម​លោកអ្នក​ទាក់ទង​ ​ដើម្បី​ជួប​ប្រឹក្សា​យោបល់​ជាមួយនឹង​លោកគ្រូពេទ្យ​ជំនាញ​៕​រក្សាសិទ្ធិដោយ៖ www.konkmeng.com