ដំណោះស្រាយទាំង៥ ចំពោះបញ្ហាដែលកូនៗរបស់លោកអ្នក មិនចង់ចូលគេង ឬមិនងាយនឹងគេងលក់
- ការលូតលាស់
- ខែវិច្ឆិកា 3, 2019
ជួនកាល សូម្បីតែក្មេងតូចដែលមានសុខភាពល្អ ក៏មានបញ្ហាក្នុងការគេងដែរ ដោយសារតែពួកគេ ឆ្លងកាត់ដំណាក់កាលលូតលាស់ និងធំធាត់ខុសៗគ្នា។ បញ្ហាគេងរបស់ក្មេងតូច គឺជាបញ្ហាសាមញ្ញ ដែលអ្នកមិនគួរខ្វល់ខ្វាយ ឬពិបាកចិត្តខ្លាំងពេកនោះទេ។
ទន្ទឹមនឹងនេះ អ្នកក៏មិនត្រូវព្រងើយកន្តើយនឹងសភាពបែបនេះរបស់ពួកគេដែរ ព្រោះក្មេងតូចនៅចន្លោះអាយុពី១ទៅ៣ឆ្នាំ មានតម្រូវការគេងរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ។ ប្រសិនបើគេងមិនគ្រប់គ្រាន់ ពេលពួកគេធំឡើង ងាយប្រឈមនឹងជំងឺកាចសាហាវមួយចំនួនផងដែរ។ ខាងក្រោមនេះ គឺជាបញ្ហា និងដំណោះស្រាយចំនួន៥យ៉ាងទាក់ទងនឹងការគេងរបស់កូនក្មេង៖
១.ប្រឆាំងនឹងការគេង៖ ក្មេងភាគច្រើន ចង់លេងច្រើនជាងការគេង ដោយសារតែពួកគេមិនទាន់យល់ច្បាស់ថា រាងកាយរបស់ពួកគេត្រូវការសំរាក។ ពេលខ្លះពួកគេ មិនព្រមគេងរហូតដល់ឈឺក៏មាន។
ដំណោះស្រាយ៖ កុំបណ្តោយតាមការចង់របស់ពួកគេ ព្រោះទង្វើនេះ អាចធ្វើឱ្យពួកគេមានទម្លាប់ខុសឆ្គង។ ប្រសិនបើពួកគេចង់បន្តការលេង អ្នកត្រូវកំណត់ពេលឱ្យច្បាស់ថា ពួកគេអាចបន្តលេង៥នាទី ឬ១០នាទីទៀត បន្ទាប់មកត្រូវចូលគេង។ ប្រសិនបើចាំបាច់ អ្នកអាចបិទភ្លើង ឬបន្ថយពន្លឺក្នុងបន្ទប់ ចាក់ភ្លេងអន្លង់អន្លូច និងគេងនៅជិតកូនៗរបស់អ្នក។ ២.ភ្ញាក់ឡើងនៅពាក់កណ្តាលយប់៖ ក្មេងតូចមួយចំនួន ភ្ញាក់នៅពាក់កណ្តាលយប់ ហើយស្រែកទ្រហោយំ។
ដំណោះស្រាយ៖ ទុកឱកាសឱ្យកូនរបស់អ្នក គេងលក់ទៅវិញដោយខ្លួនឯង ឬអង្អែលខ្នង លួងលោមគេ និងធ្វើឱ្យគេមានអារម្មណ៍ថា មានសុវត្ថិភាព។ ម្យ៉ាងទៀត អ្នកក៏អាចផ្តល់ជារបស់លេងទន់ៗឱ្យពួកគេកាន់លេងក៏បាន។
៣.គេងភ្ញាក់ព្រឹកពេក៖ ពេលក្មេងកាន់តែធំ ពួកគេកាន់តែគេងតិចជាងមុន ប៉ុន្តែ តើនេះជាហេតុផលតែមួយគត់ឬ? ពេលខ្លះហេតុផល ដែលធ្វើឱ្យកូនក្មេងភ្ញាក់ពីព្រលឹម អាចមកពីការឃ្លាន ខោទឹកនោមហ៊ា ឬសត្វល្អិតខាំជាដើម។ ក្រៅពីនេះ ក៏អាចមកពីមានការរំខានដោយសម្លេង ឬពន្លឺភ្លឺពេកនៅក្នុងបន្ទប់ផងដែរ។
ដំណោះស្រាយ៖ ប្រសិនបើអ្នកចង់ឱ្យកូនគេងយូរបន្តិច ដើម្បីមានពេលធ្វើកិច្ចការផ្ទះឱ្យរួចរាល់មុនពេលកូនភ្ញាក់ អ្នកអាចពន្យាពេលចូលគេងរបស់ពួកគេ ឱ្យយឺតជាងធម្មតាមួយម៉ោង ឬពីរម៉ោង នោះពួកគេនឹង ក្រោកពីគេងថ្ងៃជាងមុន។៤.កូនមិនព្រមគេងថ្ងៃ៖ ក្មេងទាំងអស់ភាគច្រើនមិនចង់គេងថ្ងៃ ព្រោះពួកគេមិនដឹងថា បន្ទាប់ពីសម្រាកថ្ងៃត្រង់ ពួកគេអាចមានកម្លាំងលេងលើសដើមទ្វារដងនោះទេ។
ដំណោះស្រាយ៖ អ្នកត្រូវឱ្យកូនរបស់អ្នក ធ្វើសកម្មភាពឱ្យបានច្រើននៅពេលព្រឹក ដូចជា ដើរលេងនៅសួន ឬកន្លែងក្មេងលេងជាដើម។ ព្រោះការធ្វើបែបនេះ នឹងធ្វើឱ្យគេអស់កម្លាំងតាមវិធីដែលល្អសម្រាប់សុខភាព។ ពេលរាងកាយគេហត់នឿយ នឹងមានភាពងាយស្រួលក្នុងការធ្វើឱ្យពួកគេចង់គេងពេលថ្ងៃ។
៥.ក្រចូលគេង៖ អ្នកប្រហែលជាគេងមុនកូនរបស់អ្នក នៅពេលដែលអ្នកព្យាយាមជួយឱ្យពួកគេចូលគេងម្តងៗ។
ដំណោះស្រាយ៖ អ្នកត្រូវគិតឡើងវិញពីការផ្លាស់ប្តូរម៉ោងពេលចូលគេងជាញឹកញាប់ ឬម៉ោងគេងថ្ងៃគៀកម៉ោងចូលគេងយប់ពេក។ ប្រសិនបើអ្នកមានទម្លាប់បែបហ្នឹង អ្នកត្រូវផ្លាស់ប្តូរម៉ោងគេងក្នុងពេលថ្ងៃ។ អ្វីដែលល្អបំផុតនោះ គឺត្រូវកំណត់កាលវិភាគចូលគេងរបស់ក្មេងតូច។ អ្នកត្រូវកំណត់ម៉ោងចូលគេងឱ្យបានទៀតទាត់ជាប្រចាំ។
នៅមានវិធីមួយចំនួនទៀត កាត់បន្ថយសម្លេងរំខាន ពន្លឺនៅក្នុងបន្ទប់ និងអាចព្យាយាមប្រើប្រាស់វាំងននពណ៌រៀងងងឹតបន្តិច ឬដាក់ឱ្យពួកគេគេងនៅក្នុងបន្ទប់ដែលគ្មានការរំខាន៕រក្សាសិទ្ធិដោយ៖ www.konkmeng.com