ក្មេងៗនឹងធ្វើតាមអ្វីដែលយើងធ្វើ មិនមែនធ្វើតាមអ្វីដែលយើងនិយាយនោះទេ
- ការអប់រំ
- ខែធ្នូ 28, 2019
ការចិញ្ចឹមកូនឱ្យធំធាត់ ហើយក្លាយជាធនធានដ៏ល្អសម្រាប់គ្រួសារ និងជាធនធានសង្គមដ៏មានសក្កានុពលទៅបាន គឺឪពុកម្តាយ ឬអាណាព្យាបាល មិនគ្រាន់តែផ្តល់ត្រឹមការផ្គត់ផ្គង់លើចំណីអាហារ ការស្លៀកពាក់ ដំបូលសម្រាប់ជ្រកប៉ុណ្ណោះទេ។ ប៉ុន្តែ ឪពុកម្តាយគួរចំណាយពេលឱ្យបានច្រើននៅក្បែរពួកគេ តាមតែអាចធ្វើទៅបាន ដើម្បីជាកម្លាំងចិត្ត និងផ្តល់នូវការណែនាំ ពន្យល់បង្ហាញនូវហេតុផលផ្សេងៗ នៅក្នុងការរស់នៅប្រចាំថ្ងៃ។
ការមិនយកចិត្តទុកដាក់ចំពោះពួកគេ នឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់ការវិវឌ្ឍ និងការសិក្សារបស់ពួកគេ។ ព្រោះបច្ចុប្បន្ន ឥទ្ធិពលសង្គមខាងក្រៅ អាចនឹងជះឥទ្ធិពលខ្លាំង ហើយអាចអូសទាញដឹកនាំជីវិតរបស់ពួកគេទៅរកផ្លូវអវិជ្ជាមាន ប្រសិនបើឪពុកម្តាយខ្វះការយកចិត្តទុក មើលថែពួកគេ។
អត្ថបទគួរអាន៖ ការវិនិយោគលើសិទ្ធិកុមារ ជួយឱ្យកម្ពុជាទទួលបានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរឹងមាំ និងយូរអង្វែង
គេហទំព័រ កូនក្មេង www.konkmeng.com សូមលើកយកវិធី៧យ៉ាង ដើម្បីជាការរួមចំណែកចំពោះការព្រួយបារម្ភរបស់ឪពុកម្តាយ និងអាណាព្យាបាលមួយចំនួនជុំវិញបញ្ហានេះ ដូចខាងក្រោម៖
១.ចាប់ផ្ដើមពីសកម្មភាពរបស់អ្នក (Practice what you preach)លោក ប៉ាឡាឌីណូ (Palladino) បាននិយាយថា «ក្មេងៗធ្វើអ្វីដូចដែលយើងធ្វើ មិនមែនដូចអ្វីដែលយើងនិយាយនោះទេ»។ អាចនិយាយក្នុងន័យម្យ៉ាងទៀតថា មនុស្សចាស់ ឬខ្លួនយើងដែលជាឪពុកម្តាយ និងជាអាណាព្យាបាលរបស់ក្មេង គឺជាគំរូរបស់ពួកគេ។ ប្រសិនបើលោកអ្នកធ្វើនូវទង្វើអ្វីមួយចេញទៅ ពួកគេនឹងចងចាំ ហើយធ្វើតាមភ្លាម។ ដូច្នេះ ចំណុចនេះ ឪពុកម្តាយ គួរមានការប្រុងប្រយ័ត្ន ជៀសវាងការផ្តល់គំរូមិនល្អដល់ក្មេង។
២.ផ្តល់ការយកចិត្តទុកដាក់ជាពិសេស (Reward attention)
នៅពេលកូនលោកអ្នក រំខានដល់ការធ្វើការងាររបស់លោកអ្នក វាជារឿងធម្មតាទេ ដែលលោកអ្នកត្រូវទុកការងារមួយឡែកសិន ហើយបង្វែរការយកចិត្តទុកដាក់របស់អ្នកទៅកាន់ពួកគេវិញ។ ការធ្វើបែបនេះ នឹងធ្វើឱ្យកូនៗទទួលអារម្មណ៍ថា ពួកគេជាមនុស្សសំខាន់ ដែលត្រូវបានគេយកចិត្តទុកដាក់។
អត្ថបទគួរអាន៖ ឪពុកម្តាយគួរធ្វើរឿង៣យ៉ាងនេះ បើចង់ឱ្យកូនបានជោគជ័យក្នុងជីវិតទៅអនាគត
ម្យ៉ាងទៀត ប្រសិនបើកូនៗលោកអ្នកកំពុងផ្តោតអារម្មណ៍ យកចិត្តទុកដាក់ធ្វើការងារសាលាជាដើម លោកអ្នកត្រូវនិយាយសរសើរពួកគេ ក្នុងន័យថា លោកអ្នកទទួលស្គាល់ និងពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។៣.បង្ហាញហេតុផលដែលពួកគេចេះតែពន្យាពេល (Give them the details about dragging their feet)
ផ្អែកលើចំណុចនេះ ក្មេងៗភាគច្រើនតែងតែមានភាពបង្អែរបង្អង់ក្នុងការធ្វើអ្វីមួយ រឺក៏ពន្យាពេលធ្វើឱ្យមានភាពយឺតយ៉ាវ។ ដូច្នេះ លោកអ្នកត្រូវបង្រៀនពួកគេ ពីផលវិបាកក្នុងរឿងទាំងអស់នេះ។ ម្យ៉ាងវិញទៀត លោកអ្នកត្រូវរកចំណុចឫសគល់ ដែលធ្វើឱ្យពួកគេចេះតែរកលេសពន្យាពេល ជាដើម។
អត្ថបទគួរអាន៖ ធ្វើយ៉ាងម៉េចទើបដឹងថា កូនលោកអ្នកកំពុងប្រើប្រាស់គ្រឿងញៀន? ទាំងនេះជាចំណុចត្រូវកត់សម្គាល់!
៤.បង្រៀនពួកគេឱ្យចេះរៀបចំ និងកំណត់គោលដៅជីវិត (Teach them how to get organized)
ចំណុចនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្រៀនកូនៗរបស់លោកអ្នក ឱ្យពួកគេយល់ និងចេះរៀបចំ ហើយចេះកំណត់គោលដៅជីវិត។ ការចាប់ផ្តើមបង្រៀនពួកគេតាំងពីតូចទៅ ជួយឱ្យកូនៗលោកអ្នកធំឡើង ពួកគេចេះប្រើជីវិតបានត្រឹមត្រូវ មានទឹកចិត្តល្អ មានគោលជំហរច្បាស់លាស់ និងមានម្ចាស់ការលើខ្លួនឯង។
៥.ជួយពួកគេឱ្យមានជីវិតរស់នៅដ៏ល្អ (Help them lead a healthy lifestyle)ការជួយកូនៗ មានរបៀបរស់នៅប្រកបដោយសុខភាពល្អ គឺជាអ្វីដែលមានតម្លៃបំផុត ដែលឪពុកម្តាយគ្រប់រូបគួរធ្វើ។ ការបណ្តោយឱ្យកូនស្ថិតនៅក្នុងសភាពថប់អារម្មណ៍ ស្ត្រេស កង្វះចំណីអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងការគេងមិនបានស្កប់ស្កល់ នឹងធ្វើឱ្យពួកគេពិបាកនៅក្នុងការផ្ចង់ស្មារតីក្នុងការធ្វើអ្វីមួយ ហើយនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេថែមទៀតផង។
លោក ប៉ាឡាឌីណូ(Palladino) មានប្រសាសន៍ថា ដើម្បីឱ្យពួកគេមានការយកចិត្តទុកដាក់ និងផ្ចង់អារម្មណ៍បានល្អ ត្រូវឱ្យកុមារគេងឱ្យបានគ្រប់គ្រាន់ ទទួលបាននូវអាហារូបត្ថម្ភឱ្យបានច្រើន និងគ្រប់គ្រាន់ តាមតែអាចធ្វើទៅបាន និងនាំពួកគេធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
អត្ថបទគួរអាន៖ ៩វិធីក្នុងការលើកទឹកចិត្តកូនៗ ដើម្បីឱ្យពួកគេក្លាយជាសិស្សពូកែ ក្លាយជាមនុស្សល្អ
៦.កុំផ្តល់ឱ្យពួកគេនូវអ្វីដែលមិនល្អច្រើនពេក (Establish limits)
នាពេលបច្ចុប្បន្ន នៅក្នុងហេតុផលដើម្បីឱ្យកូនឈប់យំ ឬនៅស្ងៀមកុំរំខានដល់កិច្ចការងាររបស់ខ្លួន មានឪពុកម្តាយជាច្រើន ហាក់លើកទឹកចិត្តឱ្យកូនតូចៗរបស់ខ្លួនញៀនញ៉ាម នៅក្នុងការប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យា មានដូចជា ទូរស័ព្ទស្មាតហ្វូន ឧបករណ៍លេងហ្គេម ការមើលវីដអូក្នុងយូធូប ជាដើម។
ការបង្កើតទម្លាប់បែបនេះ អាចផ្តល់ផលអវិជ្ជមានច្រើនជាងវិជ្ជមាន។ ប្រការនេះ អាណាព្យាបាលគួរតែតាមដាន និងស្វែងយល់ឱ្យបានស៊ីជម្រៅចំពោះផលប៉ះពាល់ ហើយគួរតែកម្រិតនៅក្នុងការលេង ឬប្រើប្រាស់ឧបករណ៍ទាំងអស់នោះ។៧.មានជំនឿចិត្តទៅលើពួកគេ (Believe in them)
ការផ្តល់ជំនឿចិត្តទៅលើកូនៗ គឺជារឿងមួយដ៏សំខាន់ ដើម្បីបង្ហាញពួកគេថា លោកអ្នកស្រឡាញ់ និងការគាំទ្រពួកគេ។ ការធ្វើបែបនេះដោយផ្ទាល់ ដោយប្រយោល នឹងធ្វើឱ្យពួកគេទទួលបាននូវសេចក្ដីស្រឡាញ់ និងធ្វើឱ្យពួកគេមានទំនុកចិត្ត និងជឿជាក់កាន់តែខ្លាំងចំពោះអ្វីដែលពួកេគធ្វើ។
អត្ថបទគួរអាន៖ ក្នុងសតវត្សទី២១នេះ តើយើង រួមទាំងកូនៗរបស់យើងផង ត្រូវចេះជំនាញអ្វីខ្លះ?
ជាសរុបមកវិញ ប្រសិនបើសង្កេតឃើញថា កូនៗរបស់លោកអ្នកមានការលំបាកនៅក្នុងការផ្តោតអារម្មណ៍ ហើយមានស្មារតីមិននឹងន នៅក្នុងការធ្វើអ្វីមួយ លោកអ្នកដែលជាអាណាព្យាបាលគួរតែពិចារណាទៅលើរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ហើយចំណុចសំខាន់មួយទៀតនោះ គឺតាមដាននៅក្នុងការទំនាក់ទំនងរវាងកូនលោកអ្នក និងមិត្តភ័ក្តរបស់ពួកគេ។
ព្រោះថា នៅក្នុងសង្គមដ៏ទំនើបនាពេលបច្ចុប្បន្ន ក្មេងៗងាយប្រឈមទៅនឹងការអូសទាញពីមជ្ឈដ្ឋានខាងក្រៅ ហើយខ្លួនពួកគេផ្ទាល់ក៏មានតម្រូវការថ្មីៗច្រើនផងដែរ ដូចជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងការស្លៀកពាក់ជាដើម៕
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com