កុំភ្ញាក់ផ្អើល! សញ្ញាណទាំង៧នេះ បញ្ជាក់ពីការពេញវ័យរបស់ក្មេងស្រី
- ការលូតលាស់
- ខែវិច្ឆិកា 26, 2019
ភាពពេញវ័យដំបូង បានពាំនាំមកនូវការផ្លាស់ប្ដូរជាច្រើនសម្រាប់ជីវិត និងរាងកាយរបស់យុវតី។ ភាពពេញវ័យ នាំមកនូវសម្រស់ដ៏ស្រស់ស្អាត ក្នុងនាមជាស្រ្ដីដ៏ពេញលក្ខណៈមួយរូប។ ដើម្បីស្វែងយល់ និង ដឹងកាន់តែច្បាស់ សូមលោកអ្នកក្រឡេកមកមើលចំណុចខាងក្រោម ថាតើមានសញ្ញាណណាខ្លះ ដែលអាចបញ្ជាក់បានពីការពេញវ័យរបស់ក្មេងស្រី?
១.ការលូតលាស់រាងកាយ (Body Growth)៖ រាងកាយរបស់ក្មេងស្រី នឹងលូតលាស់លឿនជាងកាលពីនៅកុមារភាព។ ជាដំបូង យើងអាចសម្គាល់ឃើញថា ប្រអប់ជើង និងដៃរបស់យុវតីបានលូតលាស់ធំឡើងៗ។ បន្ទាប់មកទៀត ឆ្អឹងដៃនិងឆ្អឹងជើងរីកធំ ហើយយើងក៏អាចសម្គាល់បានទៅលើការលូតកម្ពស់ផងដែរ។ មួយវិញទៀត អ្នកប្រហែលជាអាចនឹងឡើងទម្ងន់បន្ដិចបន្ដួច ព្រោះដើម្បីរក្សាតុល្យភាពរវាងទំហំឆ្អឹង និងទម្ងន់។
២.ការវិវត្តន៍នៃដើមទ្រូង (Breath development)៖ ដំបូងយុវតីអាចមានអារម្មណ៍ថា ហាក់បីដូចជាមានពន្លកតូចៗ ឬហើមនៅក្រោមចុងសុដន់។ បន្ទាប់ពីនោះ សុដន់របស់អ្នកនឹងកាន់តែធំឡើងៗបន្តិចម្តងៗ ហើយអ្នកអាចនឹងឈឺបន្តិចបន្ដួចផងដែរ។ ការពាក់អាវទ្រនាប់មានសារៈសំខាន់ ចំពោះការជួយទប់សុដន់របស់អ្នក។ សុដន់មានទំហំប៉ុនណា គឺអាស្រ័យលើហ្សែននៃរាងកាយរបស់អ្នក។ ការលូតលាស់សុដន់ជាធម្មតា គឺត្រូវការរយៈពេលពី២ទៅ៣ឆ្នាំ។៣.ដុះសក់នៅថ្ងាសក្រោមនៃចំណុចសំខាន់ (Body Hair)៖ មិនយូរប៉ុន្មាន អ្នកនឹងឃើញតំបន់ឯកជនរបស់អ្នកដុះរោមរួញអង្កាញ់ៗ នឹងចាប់ផ្តើមរីកដុះរាលដាលនៅតាមតំបន់ផ្សេងៗជុំវិញនោះ។ ក្មេងស្រីខ្លះ សក់ថ្ងាសក្រោមនេះអាចនឹងលេចឡើង មុនពេលការលូតលាស់នៃសុដន់។ ដំបូងវាមានសភាពទន់ ហើយមិនច្រើននោះទេ តែក្រោយមកវានឹងកាន់តែវែងទៅៗ ហើយរៀងអង្កាញ់បន្តិចម្ដងៗ។ បន្ទាប់ពីសក់ថ្ងាសក្រោម របស់អ្នកចាប់ផ្តើមលូតលាស់បាន២ទៅ៣ខែ រោមក្លៀកក៏នឹងចាប់ផ្ដើមដុះឡើងផងដែរ។ ទាំងនេះជាសញ្ញាណបញ្ជាក់ថា អ្នកកំពុងពេញវ័យហើយ។
៤.ការប្រែប្រួលស្បែក និងសក់ក្បាល (Skin and Hair changes)៖ ក្នុងអំឡុងពេលពេញវ័យ រន្ធញើសនៅក្នុងស្បែករបស់យុវតី នឹងផលិតខ្លាញ់កាន់តែច្រើន ជាពិសេសគឺតំបន់នៅលើមុខតែម្ដង។ កត្តានេះអាចបណ្តាលឱ្យកើតមុន។ យុវតីគ្រប់រូប គួរតែកក់សក់ និងលាងសម្អាតមុខឱ្យបានញឹកញាប់ជាងមុន ព្រោះថាជាសញ្ញាបញ្ជាក់ថា អ្នកកំពុងឆ្លងកាត់ភាពពេញវ័យហើយ។ វាជាការល្អក្នុងការបង្កើតជាទម្លាប់ក្នុងការថែរក្សាស្បែក និងផ្ទៃមុខ។
៥.ការអភិវឌ្ឍសេនេទិច (genitals Develop)៖ ភាពពេញវ័យនាំមកនូវការប្រែប្រួលនូវតំបន់ឯកជនរបស់ស្រ្ដីភេទ។ ប្រដាប់ភេទនឹងត្រូវបានគ្របបិទ ដោយស្បែកខាងក្រៅសងខាង។ ស្បែកដែលគ្រប់បាំងរន្ធទ្វារមាសមានចំនួនពីរជាន់ ដែលស្បែកខាងក្រៅនឹងចាប់ផ្ដើមមានដុះរោម រីឯខាងក្នុងមិនមាននោះទេ។ នៅពេលជាមួយគ្នានោះ ទំហំនៃប្រដាប់ភេទក៏នឹងលូតលាស់ធំជាងមុនបន្ដិចផងដែរ។ ប្រវែងនៃទ្វារមាសចាប់ផ្ដើមវែងជាងមុន រីឯស្បូនក៏រីកធំជាងមុនដែរ។៦.កើតមានទឹករំអិល (Discharge occurs)៖ ទឹករំអិល គឺជាអង្គធាតុរាវដែលផលិតដោយរាងកាយ ដើម្បីរក្សាសំណើម និងសម្អាតទ្វារមាស។ មុនពេលអ្នកចាប់ផ្តើមមករដូវ អ្នកប្រហែលជាអាចសម្គាល់ឃើញនូវស្នាមប្រឡាក់ពណ៌លឿង ឬ ស នៅនឹងខោក្នុងរបស់អ្នក។ វាគឺជាទឹកសំណើមធម្មជាតិពីទ្វារមាស។ សភាពបែបនេះ គឺជារឿងធម្មតានោះទេ ហើយវាជាសញ្ញាបង្ហាញថា ការមករដូវទំនងជានឹងចាប់ផ្តើមក្នុងរយៈពេលពី៦ទៅ១៨ខែខាងមុខ។
៧.មករដូវ (First Period Starts)៖ ការផ្លាស់ប្តូរខាងលើ នឹងនាំឱ្យកើតមានការមករដូវដំបូងបំផុតរបស់យុវតី។ ដំបូងអ្នកប្រហែលជាមិនដឹងទេថា តើយ៉ាងដូចម្ដេចទើបប្រាកដថា អ្នកមានសុខភាពល្អទៅតាមធម្មជាតិ? ប៉ុន្ដែ ត្រង់ចំណុចនេះ ចូរអ្នកកុំបារម្ភពេកអី។ អ្នកប្រហែលជាមិនអាចទាយដឹងមុនពីការមករដូវរបស់អ្នកក្នុងរយៈពេលពីរឆ្នាំដំបូងទេ។ ជាធម្មតា វាត្រូវការរយៈពេល១ទៅ២ឆ្នាំ ដើម្បីធ្វើការវិវត្តន៍។ ដូច្នេះការមករដូវរបស់អ្នក ប្រហែលជាមិនទៀងទាត់មួយរយៈ។
ជារួមមក ប្រសិនបើអ្នកមានការព្រួយបារម្ភខ្លាំង ឬមានអ្វីមួយប្លែកខុសធម្មតាខ្លាំង អ្នកគួរតែសួរនាំម្ដាយ ឬមួយទៅពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្រី្ដ ដើម្បីឱ្យប្រាកដថា អ្នកអាចមានសុខភាពល្អក្នុងអំឡុងពេលប្រែប្រួលធម្មជាតិមួយនេះ៕ រក្សាសិទ្ធិដោយ៖ www.konkmeng.com