ទឹកដូងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបសម្រាប់ទ្រទ្រង់សុខភាពរបស់ទារក
- ការលូតលាស់
- ខែវិច្ឆិកា 3, 2019
តើលោកអ្នកធ្លាប់ ដែលគិតចង់ឲ្យកូនតូចរបស់អ្នក ផឹកទឹកដូងដែរឬទេ? ខាងក្រោមនេះ ជាព័ត៌មានសំខាន់ៗមួយចំនួន អំពីទឹកសារៈប្រយោជន៍របស់ដូងសម្រាប់សុខភាពទារក។
១.ហេតុអ្វីទឹកដូងល្អសម្រាប់ទារក?
ទឹកដូង គឺជាប្រភពអាហាររូបត្ថម្ភធម្មជាតិដ៏សំខាន់មួយ ដែលទារកត្រូវការជាចាំបាច់។ ទឹកដូង គឺជាភេសជ្ជៈ ដែលផ្តល់នូវថាមពលដល់កូនតូច ព្រោះវាមានផ្ទុកសារធាតុអាស៊ីតលួរីខ។ រាងកាយរបស់ទារក ត្រូវការសារធាតុអាស៊ីតលួរីក ដែលមាននៅក្នុងទឹកដោះ ឬទឹកដូង ដើម្បីបង្កើតសមាសធាតុម៉ូណូលួរីខ ដែលជួយប្រឆាំង នឹងជំងឺផ្សេងៗ។
ដូច្នេះហើយ ទឹកដូង មិនត្រឹមតែល្អសម្រាប់ទារកនោះទេ ក៏ប៉ុន្តែក៏ល្អសម្រាប់ម្តាយ ដែលបំបៅកូនដោយទឹកដោះផងដែរ។ ទឹកដូង 100g មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា កាល់ស្យូម24mg, ស្ករ 2.61g, ម៉ាញ៉េស្យូម25mg, ជាតិដែក0.29g, ផូស្វ័រ 250mg, សូដ្យូម105mg, វីតាមីនC2.4g, ជាតិទឹក94.99g, ថាមពល19គីឡូកាល់ឡូរី និងសារធាតុផ្សេងៗមួយចំនួនទៀត។ ២.តើពេលណា ទារកអាចផឹកទឹកដូងបាន?
អ្នកជំនាញបានណែនាំឱ្យទារកដែលមានអាយុលើសពី៦ទៅ៨ខែ អាចផឹកទឹកដូងបាន តែកុំទាន់ឱ្យទារកញ៉ាំសាច់ដូង ព្រោះពិបាកទំពេរ និងបញ្ចេញចោល។ ទឹកដូង ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយឱ្យកូនញ៉ាំអាហារបានច្រើន។ អ្នកអាចដាក់ទឹកដូងចម្អិនជាមួយអាហារផ្សេងៗ ឬចម្អិនជាមួយបាយបាន។
៣.អត្ថប្រយោជន៍របស់ទឹកដូងចំពោះទារក៖
ប្រសិនបើកូនរបស់អ្នក មិនមានបង្ហាញអាការៈប្រតិកម្មជាមួយនឹងទឹកដូង គឺជាការល្អដែលអ្នកគួរ បញ្ចូលទឹកដូងទៅក្នុងរបបអាហាររបស់គាត់។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃទឹកដូង៖
• ភ្នាក់ងារបង្កើនជាតិទឹកក្នុងរាងកាយ៖ ក្នុងរដូវក្តៅ ទឹកដូងជាប្រភពល្អបំផុត សម្រាប់បង្កើនជាតិទឹក នៅក្នុងខ្លួន។ ទារក កុមារ និងមនុស្សពេញវ័យ ងាយនឹងបាត់បង់ជាតិទឹកដោយសារតែអាកាសធាតុក្តៅខ្លាំង។ បើប្រៀបធៀបជាមួយនឹងភេសជ្ជៈផ្សេងៗ ទឹកដូង គឺជាភេសជ្ជៈធម្មជាតិសុទ្ធ បន្ទាប់ពីទឹកធម្មតា។ ទឹកដូង មានផ្ទុកនូវសារធាតុរ៉ែ វីតាមីន និងអំបិលល្មមគ្រប់គ្រាន់ ជួយដល់រាងកាយរក្សាតុល្យភាពទឹកនៅក្នុងខ្លួន។
• ព្យាបាលជំងឺទាក់ទងនឹងក្រពះពោះវៀន៖ មេរោគនៅក្នុងក្រពះកូនតូចរបស់អ្នក អាចធ្វើឱ្យរាងកាយ បាត់បង់ជាតិទឹកតាមរយៈការក្អួតចង្អោរ និងរាគ។ ការបាត់បង់ជាតិទឹកក្នុងរាងកាយ អាចធ្វើឱ្យ កើតជំងឺផ្សេងៗ ដូចជា ចុកពោះ ដំបៅក្រពះ រាគមួលជាដើម។ ទឹកដូងជាឱសថធម្មជាតិដ៏ល្អ បំផុត ដើម្បីទប់ស្កាត់ជំងឺទាំងនេះ។• ជួយសម្រួលអាការៈទល់លាមក៖ បញ្ហាទល់លាមកចំពោះទារក តែងធ្វើឱ្យឪពុកម្តាយគ្រប់រូប ព្រួយបារម្ភយ៉ាងខ្លាំង។ ហេតុផលចម្បងធ្វើឱ្យកូនក្មេងទល់លាមក គឺមកពីការកង្វះជាតិទឹក ឬ សារជាតិសរសៃនៅក្នុងរបបអាហារ។ ការឱ្យកូនផឹកទឹកដូងជាប្រចាំ អាចជួយឱ្យកូនអ្នកជៀសផុតពី អាការៈទល់លាមក។ ទឹកដូងជាប្រភពអាហារដែលសម្បូរទៅដោយជាតិសរសៃ និងសារធាតុ អេលិចត្រូលីត។
• ព្យាបាលជំងឺអាសន្នរោគ៖ ការរាគដែលបណ្តាមកពីជំងឺអាសន្នរោគ ក៏អាចធ្វើឱ្យបាត់បង់ជាតិទឹក និងបញ្ហាធ្ងន់ធ្ងរមួយចំនួន។ ចំពោះតំបន់ដែលខ្វះខាតឱសថ ឬសេរ៉ូមសម្រាប់ព្យាបាលជំងឺ ទឹកដូង ជាជម្រើសដ៏ល្អមួយ សម្រាប់ជួយឱ្យរាងកាយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន ហើយវា ជាឱសថធម្មជាតិដែលងាយស្រួលរក និងសាកសមបំផុតសម្រាប់ទារក។
• ប្រឆាំងនឹងបាក់តេរី៖ សារធាតុ៣ប្រភេទប្រឆាំងនឹងបាក់តេរី មាននៅក្នុងទឹកដូង។ ការប្រើទឹកដូង ស្រស់ធម្មជាតិ មកទប់ទល់នឹងបាក់តេរីអាក្រក់ៗ មានសុវត្ថិភាពជាងការប្រើប្រាស់ផលិតផលផ្សេងៗ។
• ព្យាបាលការឆ្លងមេរោគតាមផ្លូវទឹកនោម៖ ទារកងាយរកនូវការឆ្លងមេរោគតាមផ្លូវទឹកនោម ហើយមេរោគ អាចចូលនៅក្នុងក្រលៀន ឬប្លោកនោម។ ទឹកដូង មានផ្ទុកនូវសារធាតុសម្អាត និងព្យាបាល បញ្ហាទាក់ទងនឹងការឆ្លងមេរោគតាមផ្លូវទឹកនោមទាំងនេះ។ ទឹកដូងក៏អាចព្យាបាលអាការៈរលាក់ប្លោកនោម និងរំលាយគ្រួសក្នុងក្រលៀន ព្រមទាំងអាចលាងសម្អាតសារធាតុគីមីមួយចំនួននៅក្នុងរាងកាយ។ ការបញ្ចូលទឹកដូងក្នុងរបបអាហារជាប្រចាំ អាចជួយឱ្យប្រព័ន្ធបញ្ចេញចោលទឹកនោមមានសុខភាពល្អ។
• បញ្ចុះកម្តៅ និងកាត់បន្ថយអាការៈក្អួតចង្អោរ៖ ទឹកដូងជួយទប់ស្កាត់ការបាត់បង់ជាតិទឹកក្នុង រាងកាយ ពេលកូនអ្នកមានអាការៈក្តៅខ្លួន ជាមួយនឹងអាការៈក្អួតចង្អោរ។ ទឹកដូងអាចកាត់បន្ថយការក្អួតចង្អោរ និងជួយឱ្យកូនអ្នកមិនអស់កម្លាំងខ្លាំង៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com