បើចង់ឱ្យខួរក្បាលមានសមត្ថភាពធ្វើការបានល្អ លោកអ្នកមិនគួរបរិគោគអាហារទាំង៧នេះទេ
- អាហារ
- ខែវិច្ឆិកា 23, 2019
ខួរក្បាល គឺជាសរីរាង្គសំខាន់បំផុតរបស់មនុស្សយើង ដែលគ្រប់គ្រងនូវផ្នែកផ្សេងៗទៀតនៃសរីរាង្គកាយ។ ដើម្បីការរស់នៅឱ្យបានអាយុវែង និងរក្សាបាននូវសុខភាពល្អសម្រាប់ខួរក្បាល ការមានរបបអាហារត្រឹមត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលចូលរួមចំណែកដល់ការបង្កើនសមត្ថភាពចងចាំរបស់យើង។ ថ្ងៃនេះ konkmeng (កូនក្មេង) សូមណែនាំនូវប្រភេទអាហារទាំង៧ ដែលអាចបំផ្លាញដល់សមត្ថភាពខួរក្បាលរបស់យើង៖
១.ជាតិខ្លាញ់ទ្រេន (Trans Fats)
ខ្លាញ់ទាំងនោះ ជាទូទៅគឺស្ថិតក្នុងផលិតផលអាហារសាច់សត្វ ទឹកដោះគោវេចខ្ចប់ស្រាប់ៗ ម្សៅនំបុ័ង នំបំពង អាហារកំប៉ុង អាហារក្លាសេ និងភេសជ្ជៈមានជាតិក្រីមជាដើម។ យោងតាមការសិក្សាស្រាវជ្រាវ ការទទួលទានជាតិខ្លាញ់ប្រភេទនេះច្រើនពេក វាធ្វើឱ្យការចងចាំរបស់យើងមិនបានល្អ ប្រព័ន្ធដំណើរការនៃខួរក្បាលចុះខ្សោយ និងគិតមិនបានលឿន។
២.ភេសជ្ជៈជាតិផ្អែម (Sugary Drinks)
ភេសជ្ជៈដូចជា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច សូម្បីតែទឹកផ្លែឈើស្ទើរតែមិនមានជីវជាតិឧបត្ថម្ភដល់រាងកាយយើងទាល់តែសោះ ផ្ទុយទៅវិញ វានឹងធ្វើឱ្យយើងកើតជំងឺទឹកនោមផ្អែមប្រភេទ២ សម្ពាធឈាមខ្ពស់ កូលេស្ដេរុលខ្ពស់ និងអាចឈានទៅដល់កើតជំងឺវង្វេងស្មារតី។
៣.កាបូនអ៊ីដ្រាតចម្រាញ់ (Refined Carbs)
វាមានផ្ទុកជាតិស្ករជាច្រើន ទោះបីជាពេលបរិភោគទៅមិនសូវផ្អែមក៏ដោយ។ វាបណ្ដាលឱ្យយើងថយចុះការចងចាំ និងឈឺក្បាល។ កាបូនអ៊ីដ្រាតមាននៅក្នុងអាហារដូចជា នំប័ុង ម្សៅធ្វើនំ គ្រាប់ធញ្ញជាតិសម្រាប់អាហារពេលព្រឹក បង្អែម និងប៉ាស្ដាជាដើម។
៤.អាហារស្រាប់ (Processed and Packaged Foods)
ពពួកអាហារស្រាប់នេះ ជាអាហារដែលយើងស្គាល់គ្រប់គ្នាថា ជាអាហារបែបលោកខាងលិច។ ប្រភេទអាហារទាំងនេះ គឺត្រូវបានបាត់បង់នូវអាហារូបត្ថម្ភអស់ហើយ ហើយត្រូវបានគេជំនួសវិញដោយស្ករ អំបិល និងខ្លាញ់។ ប្រភេទអាហារស្រាប់ នឹងទៅហ៊ុមព័ទ្ធសរសៃឈាមរបស់យើង បំផ្លាញជាលិកាខួរក្បាល និងធ្វើឱ្យខួរក្បាលយើងដើរយឺត។ វាមានផ្ទុកនៅក្នុងប្រភេទអាហារ ដូចជា បឺហ្គឺរ មាន់បំពង ភីហ្សា ជាដើម។
៥.ជាតិអាកុល (Alcohol)
ការទទួលទានគ្រឿងស្រវឹងច្រើនពេក ធ្វើឱ្យខួរក្បាលយើងធ្វើការមានលក្ខណៈយឺតយ៉ាវ។ វានឹងទៅបង្អាកការធ្វើប្រតិបត្តិការរបស់សរសៃប្រសាទក្នុងខួរក្បាលរបស់យើង មិនតែប៉ុណ្ណោះវានឹងធ្វើឱ្យអ្នកខ្វះវីតាមីនB ដែលយូរៗទៅអាចនឹងវិវត្តទៅជាជំងឺ Korsakoff syndrome ដែលធ្វើឱ្យការចងចាំយើងរញេរញៃ ភ័ន្ដច្រឡំ និងព្រិលភ្នែកផងដែរ។ វាមានផ្ទុកនៅក្នុងប្រភេទនៃគ្រឿងស្រវឹង ដូចជា ស្រា ឬស្រាបៀ ជាដើម។
៦.ត្រីដែលមានជាតិបារតខ្ពស់ (Fish High in Mercury)
តាមពិតទៅ ត្រីជារបបអាហារដ៏ល្អសម្រាប់ជីវិតមនុស្សរៀងរាល់ថ្ងៃ ដែលមានផ្ទុកជីវជាតិជាច្រើន។ ប៉ុន្ដែត្រីខ្លះ ដូចជាត្រីធូណាជាដើម មានផ្ទុកជាតិបារត និងជាតិពុលច្រើនហួសកម្រិត។ ដូច្នេះ យើងមិនអាចទទួលទានវាបានទេ មិនដូច្នោះទេ វានឹងទៅរំខានដល់ការបំពេញការងាររបស់សរសៃប្រសាទក្នុងខួរក្បាល។
៧.អាស្ប៉ាតថែម (Aspartame)
អាស្ប៉ាតថែម ជាគីមីម្យ៉ាងដែលផ្អែមជាងស្ករស ហើយវាមានសមត្ថភាពបំពេញតម្រូវការមនុស្សដូចស្ករសដែរ។ វាមានផ្ទុកក្នុងផលិតផលដូចជា ទឹកក្រូច ទឹកផ្លែឈើកែច្នៃ ស្ករកៅស៊ូ យ៉ាអួរ ស្ករគ្រាប់ជាដើម។ អាស្ប៉ាតថែម អាចធ្វើឱ្យយើងមានហានិភ័យដាច់សរសៃឈាមខួរក្បាល ឬវង្វេងស្មារតី៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com