ស្រណុកខ្លួនមួយភ្លែត តែធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាកប្បកិរិយាកូនៗទៅថ្ងៃមុខ
- ការលូតលាស់
- ខែធ្នូ 11, 2019
សព្វថ្ងៃនេះ មានឪពុកម្តាយ ឬអាណាព្យាបាលភាគច្រើន បណ្តោយឱ្យក្មេងៗ ឬកូនៗរបស់ខ្លួនប្រើប្រាស់ និងមើលវីដេអូ លេងហ្គេម និងមើលអ្វីផ្សេងៗទៀត នៅលើគ្រឿងអេឡិចត្រូនិចដូចជា ទូរសទស្សន៍ ទូរស័ព្ទដៃ ថែបប្លែត និងកុំព្យូទ័រ ជាដើម ដោយពុំបានដឹងពីឥទ្ធិពលគ្រឿងអេឡិចត្រូនិចទាំងអស់នោះ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាព និងអាកប្បកិរិយារបស់ក្មេងៗកម្រិតណានោះទេ។
អ្នកជំនាញបានរកឃើញថា ការបណ្តោយឱ្យក្មេងៗចំណាយពេលច្រើនម៉ោងពេក ជាមួយនឹងការសម្លឹងមើលនៅលើកញ្ចក់ឧបករណ៍អេឡិចត្រូចទាំងអស់នោះ នឹងបណ្តាលឱ្យ៖
+ធ្វើឱ្យកុមារមិនងាយគេងលក់នាពេលយប់
+ធ្វើឱ្យកុមារកើតមានជំងឺបាក់ទឹកចិត្ត ការតប់ប្រមល់ និងពិបាកផ្ចង់អារម្មណ៍
+ធ្វើឱ្យកុមារលើសទម្ងន់ខុសធម្មតា
មួយវិញទៀត ការអង្គុយនៅមុខអេក្រង់អេឡិចត្រូនិច គឺខ្លួនប្រាណក្មេងៗមិនសូវមានចលនានោះទេ ស្របពេលដែលក្មេងៗចូលចិត្តញ៉ាំច្រើនណាស់ នៅពេលពួកគេមើលទូរទស្សន៍ ឬលេងឧបករណ៍អេឡិចត្រូនិច។ ពេលខ្លះការផ្សាយពាណិជ្ជកម្មអំពីអាហារ ដែលសម្បូរទៅដោយជាតិស្ករ ក៏នឹងចូលរួមចំណែកផ្ដល់ភាពអវិជ្ជមានដល់កូនៗលោកអ្នកផងដែរ។តើក្មេងៗអាចមើលប្រភេទអេក្រង់អេឡិចត្រូនិចទាំងនោះមួយថ្ងៃបានប៉ុន្មានម៉ោង?
+ក្មេងក្រោមអាយុ២ឆ្នាំ មិនគួរមើលទាល់តែសោះ។
+ក្មេងដែលមានអាយុលើសពី២ឆ្នាំ អាចមើលបានត្រឹម១ម៉ោង ទៅ២ម៉ោងតែប៉ុណ្ណោះក្នុង១ថ្ងៃ។
តើធ្វើដូចម្ដេច ទើបអាចកាត់បន្ថយការចំណាយពេលវេលារបស់ក្មេងៗ ទៅលើអេក្រង់អេឡិចត្រូនិច?
+មិនត្រូវដាក់ទូរទស្សន៍ ឬកុំព្យូទ័រនៅបន្ទប់គេងពួកគេទេ។
+មិនត្រូវអនុញ្ញាតឱ្យមើលទូរទស្សន៍ ឬប្រើឧបករណ៍អេឡិចត្រូនិច ខណៈពេលទទួលទានអាហារ ឬធ្វើកិច្ចការសាលាទេ។
+ពេលចប់កម្មវិធីទូរទស្សន៍ណាមួយហើយត្រូវបិទភ្លាម មិនត្រូវបន្ដទៅកម្មវិធីអី្វផ្សេងទៀតឡើយ។
+បង្កើតសកម្មភាពផ្សេងៗដូចជា នាំកូនទៅក្រៅដើរលេង, លេងរៀបកំណាត់រូបភាព(Puzzle), នាំកូនគូរគំនូរ, អានសៀវភៅ ឬធ្វើអ្វីផ្សេងៗទៀត។
+ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវធ្វើជាគំរូដល់កូនៗរបស់ខ្លួន ដោយកាត់បន្ថយការលេងទូរស័ព្ទ និងចំណាយពេលលើកុំព្យូទ័រ មកត្រឹម២ម៉ោងក្នុងមួយថ្ងៃបានហើយ។
ជារួមមក ឪពុកម្តាយ និងអាណាព្យាបាល មិនគួរបណ្តោយឱ្យកូនៗ និងក្មេងៗចំណាយពេលលើគ្រឿងអេឡិចត្រូនិចទាំងនោះច្រើនពេកទេ ព្រោះថាឧបករណ៍ទាំងអស់នោះ ក៏មិនបានចូលរួមចំណែកដល់ការលូតលាស់របស់ក្មេងៗនោះដែរ តែផ្ទុយទៅវិញ វាផ្ដល់ផលអវិជ្ជមានច្រើនចំពោះសុខភាព និងអាកប្បកិរិយារបស់ក្មេងៗ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com