ហេតុផលទាំង៥ ដែលចាំបាច់ត្រូវឱ្យទារកគេងឱ្យបានច្រើន
- ការលូតលាស់
- ខែវិច្ឆិកា 13, 2019
បន្ទាប់ពីកូនរបស់លោកអ្នកកើតមកភ្លាម អ្នកសង្កេតឃើញថា គាត់ចូលចិត្តគេង និងគេងច្រើន។ អាការៈបែបនេះ មិនមែនជារឿងដែលគួរឱ្យបារម្ភនោះទេ ព្រោះការគេងច្រើន ផ្តល់អត្ថប្រយោជន៍ច្រើនដល់ទារក។ ខាងក្រោមនេះ ជាហេតុផលទាំង៥ ដែលទារកគេងច្រើន៖
១.ជួយជម្រុញការលូតលាស់នៃផ្នែករាងកាយ៖ តាំងពីយូរយារណាស់មកហើយ គេតែងជឿថា ការលូតលាស់របស់ទារក កើតឡើងក្នុងអំឡុងពេលគេង តែគ្មានការសិក្សាណាបានបង្ហាញ និងសិក្សាពីឥទ្ធិពលនៃការគេង មកលើការលូតលាស់របស់ទារកទេ។ មានការសិក្សាស្រាវជ្រាវនាពេលថ្មីៗមួយបានបង្ហាញថា ទារកគេងកាន់តែច្រើន ធ្វើឱ្យរាងកាយរបស់គេលូតលាស់កាន់តែលឿន។ ទិន្នន័យនៃការសិក្សានេះ បានបង្ហាញថា ទារកដែលគេងច្រើនជាងមុនពីរដង នឹងជួយឱ្យការលូតលាស់ផ្នែកកម្ពស់លឿនខ្លាំង។
២.លូតលាស់ផ្នែកប្រព័ន្ធប្រសាទវិញ្ញាណ៖ ប្រព័ន្ធប្រសាទកណ្តាលរបស់កូនលោកអ្នក លូតលាស់ខ្លាំងក្នុងអំឡុងរយៈពេល២ឆ្នាំដំបូង។ នៅពេលកូនលោកអ្នកគេង ការគេងទៅរំញោចប្រព័ន្ធប្រសាទវិញ្ញាណ ដែលជួយដល់ការលូតលាស់។ ដំណើរនេះ កើតឡើងក្នុងអំឡុងដំណាក់កាលគេង ណឺរ៉ូន ធ្វើការសម្រាក ហើយការសម្រាកនេះ បង្កើតឱ្យមានទំនាក់ទំនងមួយ រវាងសរីរាង្គវិញ្ញាណ និងរចនាសម្ព័ន្ធខួរក្បាល ដែលសំខាន់ខ្លាំងសម្រាប់ការលូតលាស់នៃប្រព័ន្ធណឺរ៉ូនវិញ្ញាណ។ ៣.ជួយដល់ការលូតលាស់នៃខួរក្បាល៖ ការសិក្សាស្រាវជ្រាវជាច្រើន បានបង្ហាញថា កូនសត្វ ដែលមិនសូវបានដេក បាត់បង់គុណភាពនៃការលូតលាស់របស់ខួរក្បាល។ វា ធ្វើឱ្យខួរក្បាលតូចជាងធម្មតា កាត់បន្ថយសមត្ថភាពរៀន និងមានអាកប្បកិរិយាអវិជ្ជមាន។ លទ្ធផលនៃការសិក្សាទាំងនេះ បង្ហាញថា ការគេង គឺសំខាន់ខ្លាំងណាស់ចំពោះការលូតលាស់ផ្នែកខួរក្បាល។
៤.ជួយជម្រុញជំនាញការរៀន៖ ការគេងរបស់កូនអ្នក ដើរតួយ៉ាងសំខាន់ចំពោះការចងចាំ ដែលជួយដល់ការសិក្សារបស់ពួកគេ។ នៅក្នុងការសិក្សាមួយ ក្រុមអ្នកស្រាវជ្រាវមានបំណងបង្រៀន ភាសាសិប្បនិម្មិតដល់កូនក្មេងអាយុ១៥ខែចំនួនពីរក្រុម។ ក្រុមមួយ គេងថ្ងៃនៅចន្លោះម៉ោងបង្រៀន និងតេស្ត ឯក្រុមមួយទៀត មិនគេងថ្ងៃទេ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទារកដែលគេងថ្ងៃ មុនពេលធ្វើតេស្ត ធ្វើបានល្អជាងក្រុមក្មេងដែលមិនបានគេងថ្ងៃ។
៥.ធ្វើឱ្យមានអារម្មណ៍ល្អ៖ មិនត្រឹមតែទារកទេ ប៉ុន្តែសូម្បីតែមនុស្សធំក៏ដូច្នេះដែរ ប្រសិនបើគេងមិនគ្រប់គ្រាន់នោះទេ នឹងធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។ ការសិក្សាស្រាវជ្រាវមួយចំនួន បានបង្ហាញថាទារកជាច្រើនដែលគេងមិនបានគ្រប់គ្រាន់រករឿងច្រើន។ ការសិក្សាមួយ បានរកឃើញថា ទារកដែលគេងយប់មិនគ្រប់គ្រាន់ ក្នុងរយៈពេល៣សប្តាហ៍តែងរករឿងច្រើនទោះ មានអាយុត្រឹម៣ខែក៏ដោយ។
ប្រសិនបើកូនរបស់អ្នក ចាប់ផ្តើមរករឿងច្រើន អ្នកត្រូវគិតឡើងវិញថា តើកូនរបស់អ្នកបានគេងគ្រប់គ្រាន់ឬទេ។ ឥឡូវអ្នកបានដឹងហើយថា ការគេង ដើរតួយ៉ាងសំខាន់ដល់ការលូតលាស់ទាំងផ្នែករូបរាងកាយ និងប្រាជ្ញាស្មារតី ដូច្នេះហើយ បើកូនអ្នក គេងច្រើន សូមកុំបារម្ភអី ប៉ុន្តែបើកូនអ្នកគេងច្រើន និងមិនឡើងទម្ងន់ អ្នកគួរតែប្រឹក្សាជាមួយវេជ្ជបណ្ឌិត ព្រោះជួនកាលអាចបណ្តាលមកពីបញ្ហាសុខភាពផ្នែកណាមួយ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com