ហេតុអ្វីកុមារត្រូវការចំណាយពេលជាមួយធម្មជាតិឱ្យបានច្រើន?
- ការលូតលាស់
- ខែវិច្ឆិកា 27, 2019
សព្វថ្ងៃនេះ ដោយសារតែរវល់នឹងការងារ ឬដោយសារកត្តាផ្សេងៗ បានធ្វើឱ្យឪពុកម្ដាយមួយចំនួនពុំសូវមានពេលគ្រប់គ្រាន់ ដើម្បីនាំកូនៗរបស់ខ្លួនចេញក្រៅលំហែកាយនោះទេ។ កាន់តែអាក្រក់ជាងនេះទៅទៀត គឺការអនុញ្ញាតឱ្យកុមារលេងវីដេអូហ្គេម ឬមើលតុក្កតាតាមគ្រឿងអេឡិចត្រូនិចជាច្រើនម៉ោង ដែលបណ្ដាលឱ្យកុមារខ្វះទំនាក់ទំនងជាមួយពិភពខាងក្រៅ។
បើតាមវិទ្យាស្ថានឯករាជ្យមួយ (The Child Mind Institute) ដែលកំពុងធ្វើការលើការផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារ ដែលពួកគេកំពុងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងការរៀនសូត្រ បានឱ្យដឹងថា នៅសហរដ្ឋអាមេរិក មានកុមារជាមធ្យមចំណាយពេលត្រឹមតែ៤ ទៅ៧នាទីប៉ុណ្ណោះ ក្នុងមួយថ្ងៃសម្រាប់ការលេងកម្សាន្ដនៅក្រៅផ្ទះ តែពួកគេចំណាយពេលលើសពី៧ម៉ោងក្នុងមួយថ្ងៃ នៅមុខអេក្រង់ទូរស័ព្ទ (Smart Phone)ឬថេប្លែត (Tablet)។ ការសិក្សាជាច្រើនសុទ្ធតែបង្ហាញថា ក្មេងដែលលេងនៅខាងក្រៅ គឺមានភាពវ័យឆ្លាត អារម្មណ៍សប្បាយរីករាយ មានការផ្ដោតអារម្មណ៍បានល្អ និងមិនសូវតប់ប្រមល់នោះទេ។ ដើម្បីចូលឱ្យកាន់តែជ្រៅនូវអត្ថប្រយោជន៍នៃការចំណាយពេលជាមួយធម្មជាតិចំពោះក្មេង គេហទំព័រ Konkmeng កូនក្មេង សូមលើកបង្ហាញនូវអត្ថប្រយោជន៍ចំនួន៥ចំណុច ដែលមានគុណតម្លៃដល់ការលូតលាស់ និងការរស់នៅរបស់ក្មេងៗ៖
១.បង្កើតទំនុកចិត្ត (Build Confidence)៖ ការលេងតាមបែបធម្មជាតិនៅខាងក្រៅផ្ទះ មានរបៀបច្រើនរាប់មិនអស់ ដែលវាសុទ្ធតែអនុញ្ញាតឱ្យកុមារបណ្ដែតខ្លួនជាមួយនឹងធម្មជាតិ និងអ្វីៗជុំវិញខ្លួនរបស់ពួកគេ។ យើងអាចនាំពួកគាត់លេងនៅកន្លែងដូចជា ទីធ្លាមុខផ្ទះ សួនច្បារក្រោយផ្ទះ ឬសាធារណៈ មាត់បឹង ទន្លេ ឬផ្សារទំនើបជិតផ្ទះជាដើម។ យើងត្រូវឱ្យកុមារជ្រើសរើសនូវរបៀបនៃការបន្សាំខ្លួនទៅនឹងបរិវេណខាងក្រៅដោយខ្លួនឯង លេងជាមួយធម្មជាតិ។ ការដែលធ្វើដូច្នេះ គឺក្មេងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរាល់សកម្មភាពរបស់ខ្លួនឯងបាន។ ២.បង្កើនផ្នែកបង្កើតថ្មី និងការស្រមើស្រមៃ (Promote creativity and imagination)៖ ការលេងវីដេអូហ្គេម គឺមិនធ្វើឱ្យកុមារមានភាពឆ្លាតវៃខ្លាំងទេ ព្រោះប្រព័ន្ធអេឡិចត្រូនិចទាំងនោះ គឺត្រូវបានបំពាក់គោលការណ៍រួចជាស្រេច ដើម្បីឱ្យអ្នកលេងអនុវត្តតាម។ ការលេងនៅខាងក្រៅផ្ទះ នឹងធ្វើឱ្យអន្ដរកម្មរវាងកុមារ និងពិភពខាងក្រៅកាន់តែមានន័យ។ ពួកគេនឹងគិតអ្វីផ្សេងៗជាច្រើនយ៉ាង បង្កើតនូវអ្វីប្លែកៗ សកម្មភាព កាយវិការ និងសម្ដីប្លែកៗដោយខ្លួនឯង ដែលនេះជាការចាប់ផ្ដើមនៃផ្នត់គំនិតច្នៃប្រឌិតរបស់ពួកគេ។
៣.ធ្វើឱ្យរាងកាយមានចលនា (Gets kids moving)៖ សឹងតែគ្រប់វិធីដែលកូនអ្នកសម្របខ្លួនលេងជាមួយធម្មជាតិ គឺសុទ្ធតែប្រៀបដូចជាកូនអ្នកកំពុងហាត់ប្រាណដូច្នោះដែរ។ មិនប្រាកដថា ទាល់តែឱ្យពួកគាត់ធាក់កង់ លេងបាល់ទាត់ ទើបមានន័យថា ហាត់ប្រាណនោះទេ គឺគ្រាន់តែដើរធម្មតាក៏អាចធ្វើឱ្យចរន្ដឈាមរបស់គាត់រត់ស្រួលដែរ។
៤.ធ្វើឱ្យពួកគាត់ចេះគិត (Make them think)៖ ធម្មជាតិបង្កើតនូវសមត្ថភាពដ៏អស្ចារ្យដល់ក្មេង ដែលគ្មានមជ្ឈដ្ឋានណាមួយធ្វើដូចបាន។ ការចេញទៅខាងក្រៅជួបមនុស្សម្នា ធម្មជាតិ បរិវេណជុំវិញខ្លួន គឺធ្វើឱ្យក្មេងចាប់ផ្ដើមឆ្ងល់នេះឆ្ងល់នោះ ចាប់ផ្ដើមចេះគិតបែបធម្មតាៗ តាមរបៀបក្មេងៗ។ ព័ត៌មានដែលខួរក្បាលក្មេងទទួលបានទាំងនោះ ជាផ្នែកមួយនៃចំណេះដឹងគោល ប្រៀបដូចជាដាស់ស្មារតីពួកគាត់ ឱ្យខួរក្បាលគាត់រហ័សរហួនផងដែរ។៥.កាត់បន្ថយស្ត្រេស និងភាពទន់ខ្សោយ (Reduce stress and fatigue)៖ ការចំណាយពេលជាមួយធម្មជាតិអាចជួយបំបាត់ភាពតានតឹង និងការថប់អារម្មណ៍ ព្រោះវាធ្វើឱ្យអារម្មណ៍របស់ក្មេងស្រស់ស្រាយ មិនតប់ប្រមល់ ដូចកាលដែលលេងតែវីដេអូហ្គេមនោះទេ។ ប្រសិនបើអាច អាណាព្យាបាលគួរឧស្សាហ៍នាំកូនៗរបស់ខ្លួនទៅលេងនៅឧទ្យានជាតិ ឬកន្លែងណាមយយដែលមានរុក្ខជាតិបៃតងច្រើន។ ធម្មជាតិបៃតងជួយកាត់បន្ថយស្រ្ដេស និងអាចសំអាតចោលភាពហ្មងសៅផ្សេងៗ។
សរុបមកវិញ អាណាព្យាបាលគ្រប់រូបគួរតែចេះរៀបចំកាលវិភាគ ពេលវេលារបស់ខ្លួន ដើម្បីចំណាយពេលនៅជាមួយកូនៗរបស់ខ្លួន និងជៀសវាង ឬកាត់បន្ថយនូវការដាក់វីដេអូហ្គេម ឬតុក្កតាឱ្យពួកគាត់មើលសើចតែម្នាក់ឯង ព្រោះធ្វើដូចនេះ អាចប្រឈមមុខនឹងជំងឺម្យ៉ាង ដែលគេឱ្យឈ្មោះថា អូទីស្សឹម (Autism) ដែលជាជំងឺមួយធ្វើឱ្យកុមារ មិនអាចទំនាក់ទំនងជាមួយសង្គមខាងក្រៅបាន មានភាពខុសប្លែកជាមួយក្មេងដទៃ)៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com