អត្ថប្រយោជន៍ទាំង៧ មាននៅក្នុងផ្លែឈើក្រៀម ជាជំនួយដ៏ល្អសម្រាប់សុខភាពទារក
- ការលូតលាស់
- ខែវិច្ឆិកា 16, 2019
ផ្លែឈើក្រៀម ជាផ្លែឈើដែលត្រូវបានគេសម្ងួតទឹកចេញ ដោយប្រើវិធីសាស្រ្តមួយចំនួនដូចជា សម្ងួតដោយប្រើម៉ាស៊ីន ឬសម្ងួតដោយការហាលនឹងកម្តៅថ្ងៃជាដើម។ ចំណុចល្អបំផុតរបស់ផ្លែឈើក្រៀម គឺ នៅរក្សាបាននូវជីវជាតិដើមរបស់វា និងអាចទុកបានយូរ។ ផ្លែឈើក្រៀមជាអាហារដែលមានសុវត្ថិភាពចំពោះទារក។ អ្នកអាចចាប់ផ្តើមឱ្យកូនរបស់លោកអ្នកញ៉ាំវា បាន នៅពេលដែលកូនរបស់លោកអ្នកមានអាយុចាប់ពី៧ទៅ៩ខែ ប៉ុន្តែ ផ្លែឈើក្រៀម ក៏មានបញ្ហាមួយចំនួនដែរ ដូចជា៖
● ជាតិស្ករនៅក្នុងផ្លែឈើក្រៀមអាចធ្វើឱ្យពុកធ្មេញរបស់ទារក។
● ផ្លែឈើក្រៀម អាចធ្វើឱ្យកូនក្មេងស្លាក់ ដូច្នេះហើយមុនឱ្យកូនញ៉ាំ អ្នកត្រូវកាត់ជាដុំតូចៗ សឹមបញ្ចុកឱ្យកូនញ៉ាំ។ ក្រៅពីបញ្ហាទាំងពីរនេះ ផ្លែឈើក្រៀម ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះកូនលោកអ្នក ដូចជា៖
១.ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម៖ ទារកបៅទឹកដោះម្តាយ អាចប្រឈមនឹងជំងឺខ្វះគ្រាប់ឈាមក្រហម។ ការបន្ថែមផ្លែឈើក្រៀមនៅក្នុងរបបអាហាររបស់ពួកគេ អាចជួយទប់ស្កាត់ជំងឺប្រភេទនេះបាន ព្រោះផ្លែឈើក្រៀមសម្បូរទៅដោយជាតិដែក និងជួយផលិតគ្រាប់ឈាមនៅក្នុងរាងកាយ។
២.ផ្តល់ថាមពល៖ អាចជួយឱ្យទារកធ្វើចលនាច្រើន។ ពួកគេត្រូវការថាមពលច្រើន ហើយផ្លែឈើក្រៀម គឺជាប្រភពថាមពលដ៏សំខាន់មួយសម្រាប់កូនតូចរបស់លោកអ្នក។
៣.ជួយព្យាបាលអាការៈទល់លាមក៖ ផ្លែឈើក្រៀមសុទ្ធតែសម្បូរសារធាតុសរសៃ ដែលអាចធ្វើឱ្យពោះវៀនដំណើរការស្រួល។ ផ្លែព្រូន គឺជាផ្លែឈើដែលពេញនិយមបំផុតសម្រាប់ព្យាបាល ជំងឺទល់លាមកដែលកើតមានចំពោះទារក។ ៤.មានផ្ទុកបាក់តេរីល្អ៖ ផ្លែឈើក្រៀមមួយចំនួន ក៏មានផ្ទុកប្រូបាយអូតិច ឬដែលគេហៅថាជា បាក់តេរីល្អ។ បាក់តេរីទាំងនេះ អាចថែរក្សាប្រព័ន្ធបញ្ចេញចោលរបស់ទារកឱ្យមានសុខភាពល្អ។
៥.ទប់ស្កាត់ការខូត DNA៖ កូនរបស់អ្នកត្រូវការញ៉ាំច្រើនដើម្បីលូតលាស់បានលឿន។ តែការញ៉ាំច្រើន អាចធ្វើឱ្យរាងកាយរបស់ពួកគេជួបហានិភ័យមួយបែប ដែលអាចធ្វើឱ្យDNA ខូចបាន ឬក៏អាចធ្វើឱ្យមានជំងឺមហារីក។ ករណីអាចកើតឡើងភាគច្រើនលើទារក ដែលកើតមិនគ្រប់ខែ។ ផ្លែឈើក្រៀម មានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីក និងអាចទប់ស្កាត់ការខូច DNAបាន។
៦.ល្អសម្រាប់សុខភាពឆ្អឹង និងភ្នែក៖ ផ្លែឈើក្រៀម មានផ្ទុកជាតិកាល់ស្យូម និងវីតាមីនA ដែលកាល់ស្យូមប្រភេទនេះ អាចជួយឱ្យឆ្អឹងរឹងមាំ ខណៈដែលវីតាមីន A ជួយឱ្យភ្នែកភ្លឺ។
៧.សម្បូរអាស៊ីតខ្លាញ់ Omega3៖ ផ្លែឈើក្រៀម ជាពិសេសគ្រាប់វ៉លណាត់ មានផ្ទុកអាស៊ីតខ្លាញ់ច្រើន ដែលល្អសម្រាប់សុខភាព។ ជីវជាតិដ៏សំខាន់ទាំងនេះ ជួយដល់ការលូតលាស់ខួរក្បាលរបស់ទារក៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com