ក្រោយរងការបាញ់ប្រហារមិនស្លាប់ កុមារីវ័យ១៧ឆ្នាំ ទទួលពានរង្វាន់ណូបែលសន្តិភាពពិភពលោក
- ការអប់រំ
- ខែធ្នូ 31, 2019
ប៉ាគីស្ថាន ជារដ្ឋអធិបតេយ្យដែលតែងតែប្រឈមមុខនឹងវិសមភាពយេនឌ័រ និងសាសនា (ការមានសិទ្ធិ ឬការផ្តល់តម្លៃមិនស្មើគ្នានៅក្នុងសង្គមរវាងបុរស និងស្ត្រី)។ កម្រិតអប់រំរបស់ស្ត្រីនៅក្នុងប្រទេសមួយនេះ គឺមានកម្រិតទាបបំផុតលើពិភពលោក។ ៥៨%នៃស្រ្ដីភេទ ត្រូវបានរងគ្រោះដោយសារការជះទឹកអាស៊ីត។
នៅពីខាងក្រោយវិសមភាពយេនឌ័រ និងការជិះជាន់ដ៏អាក្រក់នៅក្នុងប្រទេស ក្មេងស្រីប៉ាគីស្ថានមួយរូបឈ្មោះ Malala Yousafzai បានក្រោកឡើងតស៊ូ បញ្ចេញមតិ និងមានភាពសកម្មយ៉ាងសកម្ម ក្នុងការទាមទារនូវសមភាពយេនឌ័រសម្រាប់ស្រ្ដីភេទ ជាពិសេស គឺសិទ្ធិទទួលបានការអប់រំសម្រាប់ស្ត្រី។ នៅក្នុងអាយុ១៤ឆ្នាំ គឺនៅឆ្នាំ២០១៤ នាងទទួលបានពានរង្វាន់ណូបែលសន្ដិភាព ហើយក៏ជាមនុស្សស្រីទីមួយមានវ័យក្មេងជាងគេ ដែលទទួលបានកិត្តិយសកម្រិតថ្នាក់ពិភពលោក។
អត្ថបទគួរអាន៖ វ័យទើបតែ១៦ឆ្នាំ កុមារ បាហ្ស៊ី ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់ ល្បីល្បាញក្នុងពិភពបច្ចេកវិទ្យា
តើ Malala Yousafzai ជានរណាឱ្យប្រាកដ? តើនាងបានធ្វើអ្វីខ្លះសម្រាប់ស្រ្ដីពិភពលោក?
Malala កើតនៅទីក្រុងមីនហ្កូរ៉ា (Mingora) ប្រទេសបាគីស្ថាន នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ១៩៩៧ គិតមកដល់ចុងឆ្នាំ២០១៩នេះ នាងទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ។ នៅក្នុងសង្គមប៉ាគីស្ថាន ការដែលកើតជាក្មេងស្រី គឺមិនមែនជាសំណាងក្នុងជីវិតឡើយ។ ទោះយ៉ាងណា គឺជាសំណាងរបស់ Malala Yousafzai ដែលកើតក្នុងគ្រួសារមួយមានឪពុកជាគ្រូបង្រៀន ហើយបានចិញ្ចឹម និងផ្តល់ការអប់រំដល់នាងស្មើភាពដូចកូនប្រុសដែរ។អ្វីៗត្រូវបានផ្លាស់ប្ដូរ១៨០ដឺក្រេ ក្រោយពីពួកតាលីបង់ (តាលីបង់ជាក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដែលបច្ចុប្បន្នមានមូលដ្ឋានធំនៅក្នុងតំបន់ភ្នំជាប់សងខាងព្រំដែនប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន) បានចូលកាន់កាប់ភូមិដែលនាងរស់នៅ។ ពួកតាលីបង់ បានបង្កើតបំរាមជាច្រើនករណី ដូចជាសិទ្ធិក្នុងការមានទូរទស្សន៍ផ្ទាល់ខ្លួន លេងតន្រ្ដី និងដាក់ទណ្ឌកម្មទៅលើជនណាដែលមិនស្ដាប់បញ្ជា។
អត្ថបទគួរអាន៖ ការវិនិយោគលើសិទ្ធិកុមារ ជួយឱ្យកម្ពុជាទទួលបានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរឹងមាំ និងយូរអង្វែង
មិនយូរប៉ុន្មាន ក្រោយការវាយប្រហាររបស់ក្រុមតាលីបង់ ទៅលើសាលាអប់រំស្ត្រី នៅខែកញ្ញា ឆ្នាំ២០០៨ កុមារី ម៉ាឡាឡា (Malala)ដែលទើបមានវ័យត្រឹមតែ១១ឆ្នាំ បានចេញមុខនិយាយនៅចំពោះមុខមនុស្សជាច្រើន នៅក្នុងទីក្រុង Peshawar នៃប្រទេសប៉ាគីស្ថាន ដោយកុមារីរូបនេះ បានបរិយានៅក្នុងប្រធានបទថា«ហេតុអ្វីពួកតាលីបង់ ហ៊ានបិទសិទ្ធិសេរីភាពរបស់ខ្ញុំក្នុងការសិក្សា?»ក្រោយហ៊ានចេញមុខនិយាយជាសាធារណៈ នៅក្នុងប្រទេសហើយនោះ នៅដើមឆ្នាំ២០០៩ កុមារី ម៉ាឡាឡា បានចាប់ផ្តើមបញ្ចេញព័ត៌មាន អំពីជីវិតរស់ក្រោមការគំរាមកំហែងរបស់ពួកតាលីបង់ ទៅកាន់សារព័ត៌មានអង់គ្លេស BBC ហើយនាងប្រើឈ្មោះក្លែងក្លាយ Gul Makai ដើម្បីលាក់អត្តសញ្ញាណផ្ទាល់ខ្លួន។
អត្ថបទគួរអាន៖ ក្នុងសតវត្សទី២១នេះ តើយើង រួមទាំងកូនៗរបស់យើងផង ត្រូវចេះជំនាញអ្វីខ្លះ?
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១២ មានបុរសតាលីបង់ម្នាក់ បានពាក់ម៉ាស និងកាន់កាំភ្លើងនៅនឹងដៃ ហើយព្យាយាមបាញ់ប្រហារសំដៅទៅលើរូបនាង។ ការបាញ់ប្រហារនៅពេលនោះ មិនបានធ្វើឱ្យនាងបាត់បង់ជីវិតក៏ពិតមែន តែក្មេងស្រីរូបនេះត្រូវសន្លប់បាត់បង់ស្មារតីអស់រយៈពេល១០ថ្ងៃ និងត្រូវបានជួយសង្គ្រោះដោយមន្ទីរពេទ្យ Birmingham ប្រទេសអង់គ្លេស។ សារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក បាននាំគ្នាចុះផ្សាយអំពីការបាញ់ប្រហារទៅលើកុមារី Malala ដែលធ្វើឱ្យកក្រើកស្ទើរទូទាំងពិភពលោក។ក្មេងស្រីប៉ាគីស្ថានដ៏អង់អាចក្លាហានរូបនេះ និងក្រុមគ្រួសារបានសិទ្ធិជ្រកកោន និងរស់នៅប្រទេសអង់គ្លេស។ ក្រោយជាសះស្បើយ កុមារី ម៉ាឡាឡា មិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន នៅក្នុងការប្រយុទ្ធប្រឆាំង និងការទាមទារសិទ្ធិសេរីភាព ការទទួលបានការអប់រំសម្រាប់ស្ត្រីនោះទេ។
អត្ថបទគួរអាន៖ ក្មេងប្រុសប៉ាគីស្ថានអាយុ១២ឆ្នាំ ក្លាយជាអ្នកនិយាយលើកទឹកចិត្តដ៏មានប្រជាប្រិយភាព
នៅឆ្នាំ២០១៣ គឺ៩ខែក្រោយពីការបាញ់ប្រហារបំណងផ្តាច់ជីវិតរបស់នាងពីក្រុមតាលីបង់ កុមារី ម៉ាឡាឡា បានថ្លែងសុន្ទរកថាមួយ នៅអង្គការសហប្រជាជាតិ ដែលផ្ដោតសំខាន់លើសិទ្ធិក្នុងការទទួលបានការអប់រំរបស់ស្ដ្រីទូទាំងពិភពលោក បំផុសឱ្យមេដឹកនាំពិភពលោកទាំងអស់ ផ្លាស់ប្ដូរនូវគោលនយោបាយរបស់ខ្លួន។ខ្លឹមសារគន្លឹះនៅក្នុងសុន្ទរកថារបស់នាង បានគូសបញ្ជាក់ថា«ពួកឧទ្ទាមខ្លាចសៀវភៅ និងប៊ិចណាស់។ អំណាចនៃការអប់រំ គឺជាការបង្កភាពភ័យខ្លាចចំពោះពួកគេ (ក្រុមតាលីបង់)។ ដូច្នេះ យើងត្រូវចាប់ផ្ដើមកាន់ប៊ិច សៀវភៅឡើង ព្រោះវា គឺជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងពួកឧទ្ទាមផ្តាច់ការ»។
អត្ថបទគួរអាន៖ ញាក់សាច់! អាយុមិនគ្រប់១០ឆ្នាំផង តែអាចធ្វើរឿងដែលមនុស្សរាល់គ្នាមិនអាចធ្វើបាន
ក្រោមសកម្មភាពដ៏ពុះកញ្ច្រោល និងភាពអង់អាចក្លាហាន ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិសេរីភាពរបស់ស្ត្រីប៉ាគីស្ថាន យុវតី ម៉ាឡាឡា (Malala Yousafzai) ត្រូវបានសភាអ៊ឺរ៉ុប ប្រគល់ពានរង្វាន់ Sakharov Prize នៅឆ្នាំ២០១៣ និងក្លាយជាស្ត្រីវ័យក្មេងបំផុតក្នុងលោក ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ២០១៤ ក្នុងអាយុត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ។ក្រោយមកនៅឆ្នាំ២០១៧ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់តាំងយុវតី ម៉ាឡាឡា ជាអ្នកនាំពាក្យសន្ដិភាពនៃអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការអប់រំរបស់ក្មេងស្រី និងស្រ្ដីទូទាំងពិភពលោក។ ក្រៅពីនេះ យុវតីប៉ាគីស្ថានរូបនេះ ក៏បានបង្កើតនូវមូលនិធិ Malala ដើម្បីជួយសង្រ្គោះ ឧបត្ថម ផ្ដល់សេរីភាព សុវត្ថិភាព និងសមភាពការអប់រំដល់ក្មេងស្រី និងស្រ្ដីភេទទូទាំងពិភពលោក៕
អត្ថបទគួរអាន៖ ឪពុកម្តាយគួរធ្វើរឿង៣យ៉ាងនេះ បើចង់ឱ្យកូនបានជោគជ័យក្នុងជីវិតទៅអនាគត
ប្រែសម្រួលដោយ៖ ជា ស៊ាងប៊ូ
រក្សាសិទ្ធិដោយ៖ www.konkmeng.com