គេងគ្រប់គ្រាន់ សុខភាពល្អ! ចំនួនម៉ោងក្នុងការគេងប្រចាំថ្ងៃ ចាប់ពីអាយុ០ឆ្នាំ រហូតដល់អាយុ២៥ឆ្នាំ
- សុខភាព
- ខែធ្នូ 9, 2019
ការគេងគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់អំឡុងពេលវ័យក្មេង។ ក្នុងដំណាក់កាលនីមួយៗនៃការចម្រើនវ័យរបស់ក្មេង ដូចជា ពីទារកទៅក្មេងដែលមានវ័យចូលរៀន ឬពីក្មេងថ្នាក់មតេ្ដយ្យទៅក្មេងជំទង់ សុទ្ធតែមានបម្រែបម្រួលនៃតម្រូវការ និងម៉ោងពេលនៅក្នុងការគេង។
ឪពុកម្ដាយភាគច្រើនដឹងថា ក្មេងមានតម្រូវការគេងច្រើនម៉ោង ប៉ុន្ដែមិនសូវបានដឹងច្បាស់ទេថា តើពួកគាត់ត្រូវគេងរយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃនោះទេ? ទារក កូនក្មេង និងក្មេងជំទង់ ត្រូវការគេងច្រើនជាងមនុស្សពេញវ័យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍយ៉ាងរហ័សផ្នែកផ្លូវចិត្ត ខួរក្បាល និងរាងកាយ។ទារកទើបកើត ខួរក្បាលមិនទាន់មានប្រព័ន្ធគ្រប់គ្រងពេលវេលាទៅតាមពន្លឺថ្ងៃនៅឡើយ ដូច្នេះមិនថាពេលព្រឹក ឬពេលថ្ងៃទេ ពួកគាត់សុទ្ធតែអាចគេងបានទាំងអស់។ ចាប់ពីអាយុ១ខែ ទៅដល់៤ខែ ទារកចាប់ផ្តើមសាំនឹងបរិយាកាសបន្តិចម្តងៗ។ ការគេងរបស់ពួកគាត់ ហាក់បីដូចជាចាប់ផ្ដើមមានភាពទៀងទាត់បន្ដិចម្ដងៗ ហើយពួកគាត់គេងយូរបំផុតមានរយៈពេលពី៤ ទៅ ៦ម៉ោង ហើយភាគច្រើនបែរជាគេងពេលល្ងាចទៅវិញ។
ចំនួនម៉ោងនៃតម្រូវការគេងរបស់ក្មេង នឹងមានការប្រែប្រួល នៅពេលពួកគាត់កាន់តែចម្រើនវ័យ។ តម្រូវការនៃការគេងរបស់ក្មេង មិនមានលក្ខណៈដូចគ្នាទាំងអស់នោះទេ វាអាចខុសគ្នាបន្ដិចបន្ដួចទៅតាមករណីរបស់ក្មេងនីមួយៗ។ យោងតាមស្ថាប័នជាតិសិក្សាលើដំណេក (National Sleep Foundation) របស់សហរដ្ឋអាមេរិក Konkhmeng សូមនាំលោកអ្នកជាអាណាព្យាបាល មកស្វែងយល់នូវតម្រូវការគេងរបស់ក្មេងទៅតាមវ័យខុសៗគ្នាដូចខាងក្រោម៖
១.ទារកទើបកើត (អាយុ០-៣ខែ)
រយៈពេលគួរគេងក្នុងមួយថ្ងៃ៖ ពី១៤ម៉ោង ទៅ ១៧ម៉ោង
រយៈពេលប្រហាក់ប្រហែល៖ ពី១១ម៉ោង ទៅ ១៣ម៉ោង (មិនអាចក្រោម១១ម៉ោងនោះទេ) និងពី១៨ម៉ោង ទៅ ១៩ម៉ោង (មិនអាចលើសពី១៩ម៉ោងនោះទេ) ២.ក្មេងដែលមានអាយុពី ៤ខែ ទៅ ១១ខែ
រយៈពេលគួរគេងក្នុងមួយថ្ងៃ៖ ពី១២ម៉ោង ទៅ ១៥ម៉ោង
រយៈពេលប្រហាក់ប្រហែល៖ ពី១០ ទៅ ១១ម៉ោង (មិនអាចក្រោម១០ម៉ោងនោះទេ) និងពី១៦ម៉ោង ទៅ ១៨ម៉ោង (មិនអាចលើសពី១៨ម៉ោងនោះទេ)
៣.ក្មេងដែលមានអាយុពី១ឆ្នាំ ទៅ ២ឆ្នាំ
រយៈពេលគួរគេងក្នុងមួយថ្ងៃ៖ ពី១១ម៉ោង ទៅ ១៤ម៉ោង
រយៈពេលប្រហាក់ប្រហែល៖ ពី៩ម៉ោង ទៅ ១០ម៉ោង (មិនអាចក្រោម៩ម៉ោងនោះទេ) និងពី១៥ម៉ោង ទៅ ១៦ម៉ោង (មិនអាចលើសពី១៦ម៉ោងនោះទេ)
៤.ក្មេងដែលមានអាយុពី៣ឆ្នាំ ទៅ ៥ឆ្នាំ
រយៈពេលគួរគេងក្នុងមួយថ្ងៃ ៖ ពី១០ម៉ោង ទៅ ១៣ម៉ោង
រយៈពេលប្រហាក់ប្រហែល៖ ពី៨ម៉ោង ទៅ ៩ម៉ោង (មិនអាចក្រោម៨ម៉ោងនោះទេ) និង១៤ម៉ោង (មិនអាចលើសពី១៤ម៉ោងនោះទេ)៥.កុមារដែលមានអាយុពី៦ឆ្នាំ ទៅ ១៣ឆ្នាំ
រយៈពេលគួរគេងក្នុងមួយថ្ងៃ៖ ពី៩ម៉ោង ទៅ ១១ម៉ោង
រយៈពេលប្រហាក់ប្រហែល៖ ពី៧ម៉ោង ទៅ ៨ម៉ោង (មិនអាចក្រោម៧ម៉ោងនោះទេ) និងរយៈពេល១២ម៉ោង (មិនអាចលើសពី១២ម៉ោងនោះទេ)
៦.ក្មេងដែលមានវ័យជំទង់ (ពីអាយុ១៤ឆ្នាំ ទៅ ១៧ឆ្នាំ)
រយៈពេលគួរគេងក្នុងមួយថ្ងៃ៖ ពី៨ម៉ោង ទៅ ១០ម៉ោង
រយៈពេលប្រហាក់ប្រហែល៖ ៧ម៉ោង (មិនអាចក្រោម៧ម៉ោងនោះទេ) និង១១ម៉ោង (មិនអាចលើសពី១១ម៉ោងនោះទេ)
៧.មនុស្សពេញវ័យ (ពី១៨ឆ្នាំ ទៅ ២៥ឆ្នាំ)
រយៈពេលគួរគេងក្នុងមួយថ្ងៃ៖ ពី៧ម៉ោង ទៅ ៨ម៉ោង
រយៈពេលប្រហាក់ប្រហែល៖ ៦ម៉ោង (មិនអាចក្រោម៦ម៉ោងនោះទេ) និងពី១០ម៉ោង ទៅ ១១ម៉ោង (មិនអាចលើសពី១១ម៉ោងនោះទេ)
អត្ថបទទាក់ទង៖
១.ចំណេះដឹងផ្សេងៗទាក់ទងនឹងដំណេករបស់កូនលោកអ្នក
២.គន្លឹះទាំង៥ ជួយឱ្យកូនរបស់លោកអ្នក ឆាប់ចូលគេង និងគេងលក់ស្រួល
៣.៧វិធី បង្កើតទម្លាប់ឱ្យកូនៗរៀនគេងម្នាក់ឯង ដោយមិនមានការភ័យខ្លាច
៤.ហេតុផលទាំង៥ ដែលចាំបាច់ត្រូវឱ្យទារកគេងឱ្យបានច្រើន
៥.ដំណោះស្រាយទាំង៥ ចំពោះបញ្ហាដែលកូនៗរបស់លោកអ្នក មិនចង់ចូលគេង ឬមិនងាយនឹងគេងលក់
រក្សាសិទ្ធិដោយ៖ www.konkmeng.com