មានឆ្ងល់ទេ! ហេតុអ្វីទារកមួយចំនួនគេងបើកភ្នែក?
- ការលូតលាស់
- ខែធ្នូ 25, 2019
ទារកមួយចំនួនគេងលក់ដោយបើកភ្នែក។ ប្រការនេះ តើវាជារឿងធម្មតាដែលតែងតែកើតមានចំពោះទារកគ្រប់រូបឬយ៉ាងណា? ហេតុអ្វីបានជាទារកគេងបើកភ្នែក? ចំពោះបញ្ហានេះ ក្រុមអ្នកជំនាញបានផ្តល់ហេតុផល២យ៉ាង ដែលល្មមអាចឱ្យឪពុកម្តាយ ឬអាណាព្យាបាលរបស់ទារកយល់បាន និងមិនមានការព្រួយបារម្ភខ្លាំងពេកនោះទេ។ តែទោះយ៉ាងណា ប្រសិនបើលោកអ្នកមិនមានទំនុកចិត្ត ព្រួយបារម្ភខ្លាំងចំពោះករណីនេះ លោកអ្នកត្រូវទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។
ខាងក្រោមនេះ ជាហេតុផល២យ៉ាង ដែលលោកអ្នកគួរបានយល់បន្ថែមថា ហេតុអ្វីបានជាទារកគេងបើកភ្នែក៖
១.កត្តាតំណពូជ(Hereditary)៖ ដោយយោងតាមការស្រាវជ្រាវបានឱ្យដឹងថា រាល់ការគេងបើកភ្នែករបស់ទារកអាចបណ្តាលមកពីបញ្ហាតំណពូជ។ ប្រសិនបើលោកអ្នក ឬដៃគូរបស់លោកអ្នក មានទម្លាប់ក្នុងការគេងបើកភ្នែក វាអាចទៅរួចដែលកូនលោកអ្នកនឹងទទួលបានអាកប្បកិរិយា ឬទម្លាប់ដូចលោកអ្នកដែរ។
២.លក្ខខណ្ឌវេជ្ជសាស្ត្រ(Medical Condition)៖ មូលហេតុទី២នេះ មិនសូវជាមានការពេញនិយមប៉ុន្មានទេ ហើយកម្រនឹងកើតមានណាស់។ គ្រូពេទ្យខ្លះបានបញ្ជាក់ថា ការគេងដោយបើកភ្នែកជាសញ្ញានៃការខូចខាតសសៃប្រសាទលើផ្ទៃមុខ ឬដុំសាច់ផ្សេងៗ សូម្បីតែក្រពេញទីរ៉ូអ៊ីត (thyroid) ចុចទីនេះដើម្បីស្វែងយល់ពីតួនាទីរបស់ ក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើលោកអ្នកសម្គាល់ឃើញថា កូនលោកអ្នកកំពុងតែគេងដោយបើកភ្នែករយៈពេលយូរ សូមនាំកូនទៅជួបជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
ទាំងនេះជាការណែនាំមួយចំនួន ដែលអាចជួយឱ្យកូនលោកអ្នកគេងបានត្រឹមត្រូវ៖
•ប្រសិនបើកូនលោកអ្នកមានទម្លាប់គេងបើកភ្នែក លោកអ្នកត្រូវប៉ះត្របកភ្នែកទារកថ្នមៗរហូតទាល់តែទារកបិតភ្នែក។
•ត្រូវប្រាកដថា កូនលោកអ្នកគេងលង់លក់មុនពេលអ្នកធ្វើបែបនេះ។
•ប្រសិនបើកកូនលោកអ្នក នៅតែបន្តបង្ហាញទម្លាប់បែបនេះបន្ទាប់ពី១៨ខែ វាជារឿងមួយដែលលោកអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
•ទម្លាប់នៃការគេងប្រភេទនេះនឹងក្លាយជាបញ្ហាធម្មតា ទោះបីជាករណីខ្លះកម្រនឹងបង្ហាញពីលក្ខណៈមិនត្រឹមត្រូវនៃត្របកភ្នែកក៏ដោយ។
គួរកត់សម្គាល់ដែរថា ទារកមួយចំនួន នឹងបន្តទម្លាប់គេងបើកភ្នែក នៅអំឡុងអាយុចន្លោះពី១២ទៅ១៨ខែ។ លោកអ្នកមិនគួរមានការព្រួយបារម្ភពេកនោះទេ ក្នុងករណីបែបនេះ ទារកក៏នៅតែអាចគេងបានស្កប់ស្កល់ បើទោះគេងបើកភ្នែកក៏ដោយ។
ប៉ុន្តែប្រសិនបើលោកអ្នកនៅតែមានការព្រួយបារម្ភពីទម្លាប់នៃការគេងរបស់ពួកគេ សូមទៅជួបអ្នកជំនាញផ្នែកសុខភាព ដើម្បីស្វែងយល់បន្ថែមពីបញ្ហាទាំងអស់នេះ៕
អត្ថបទទាក់៖
១.ហេតុផលទាំង៥ ដែលចាំបាច់ត្រូវឱ្យទារកគេងឱ្យបានច្រើន
២.ចំណេះដឹងផ្សេងៗទាក់ទងនឹងដំណេករបស់កូនលោកអ្នក
ប្រែសម្រួលដោយ៖ ស៊ីន សុភាព
រក្សាសិទ្ធិដោយ៖ www.konkmeng.com