ការធ្វើលំហាត់ប្រាណ និងប្រការគួរជៀសវាង អំឡុងពេលកំពុងពពោះ
- ពពោះ
- ខែធ្នូ 31, 2019
ការធ្វើលំហាត់ប្រាណទៀងទាត់ និងសមស្របទៅនឹងស្ថានភាពរបស់ស្ត្រី ដែលកំពុងមានផ្ទៃពោះ អាចជួយឱ្យមានសុខភាពល្អ អារម្មណ៍ស្រស់ថ្លា និងធ្វើឱ្យប្រសើរនៅក្នុងឥរិយាបទមួយចំនួន ដូចជា ការឈឺខ្នង ភាពល្ហិតល្ហៃ ជាដើម។
តាមអ្នកជំនាញមួយចំនួនបានលើកឡើងថា ការធ្វើលំហាត់ប្រាណអំឡុងពេលមានគភ៌ អាចការពារមិនឱ្យកើតមានជំងឺទឹកនោមផ្អែម (ជំងឺទឹកនោមផ្អែមដែលវិវឌ្ឍអំឡុងពេលមានផ្ទៃពោះ) បំបាត់ភាពតានតឹង និងជួយបង្កើនសុខភាពរាងកាយថែមទៀតផង។
អត្ថបទគួរអាន៖ តើកៅអីម៉ាស្សា មានសុវត្ថិភាពសម្រាប់ស្រ្តីមានគភ៌ដែរឬទេ?
ប្រសិនបើអ្នក មានទម្លាប់ហាត់ប្រាណមុនពេលមានផ្ទៃពោះ អ្នកគួរតែបន្តទម្លាប់នេះក្នុងកម្រិតសមល្មមដែលរាងកាយរបស់អ្នកអាចធ្វើទៅបាន។ កុំព្យាយាមធ្វើលំហាត់ប្រាណ ដូចពេលដែលមិនទាន់មានផ្ទៃពោះ។ ចំពោះស្ត្រីកំពុងពពោះ ហើយចង់បន្តការហាត់ប្រាណនៅក្នុងអំឡុងនេះ គួរបានពិភាក្សាជាមួយគ្រូពេទ្យជំនាញឱ្យច្បាស់លាស់ជាមុន ជៀសវាងប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
អត្ថបទគួរអាន៖ តើគ្រឿងសមុទ្រល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែរឬទេ?
ការលំហាត់ប្រាណ និងសកម្មភាពមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ ប្រសិនបើអនុវត្តក្នុងពេលមានផ្ទៃពោះ មានដូចជា៖
• ការទប់ដង្ហើមរបស់អ្នកក្នុងពេលធ្វើលំហាត់ប្រាណ
• ការធ្វើលំហាត់ប្រាណនៅកន្លែងដែលអាចរអិលធ្លាក់ ដូចជាជិះស្គី ឬជិះសេះជាដើម
• ទាក់ទងនឹងកីឡាដូចជា បាល់ទាត់ បាល់បោះ និងបាល់ទះ
• ការធ្វើលំហាត់ប្រាណដោយប្រើចលនាខ្លាំងៗ និងការផ្លាស់ប្តូរទិសដៅលឿន
• សកម្មភាពដែលតម្រូវឱ្យមានការលោត លោតឡើងលើ លោតចុះក្រោម ឬរត់
• ការធ្វើចលនាបត់ចង្កេះពេលកំពុងឈរ
• ការធ្វើលំហាត់ប្រាណក្នុងស្ថានភាពអាកាសធាតុក្តៅ និងសើមជាដើម
អត្ថបទគួរអាន៖ តើការក្តៅខ្លួនអំឡុងពេលមានផ្ទៃពោះ បង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃឬទេ?
ប្រសិនបើក្នុងពេលមានផ្ទៃពោះ អ្នកមានជំងឺដូចជា ហឺត ជំងឺបេះដូង ឬទឹកនោមផ្អែម ជាដើម អ្នកមិនត្រូវធ្វើលំហាត់ប្រាណនោះទេ។ មួយវិញទៀត ការធ្វើលំហាត់ប្រាណ ក៏អាចបង្កគ្រោះថ្នាក់ផងដែរប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការមានផ្ទៃពោះ ដូចជា៖
• ការហូរឈាមកំឡុងពេលមានផ្ទៃពោះ
• សុកទាប
• ការគំរាមកំហែងដែលកើតឡើងពីការរលូតកូនម្តងហើយម្តងទៀត
• ការធ្លាប់សម្រាលកូនមិនគ្រប់ខែ
• ខ្សោយមាត់ស្បូន
ស្ត្រីដែលធ្លាប់មានបញ្ហាខាងលើ គួរធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ មុនពេលចាប់ផ្តើមធ្វើការហាត់ប្រាណ ព្រោះគ្រូពេទ្យជំនាញនឹងផ្តល់នូវការណែនាំច្បាស់លាស់ អំពីការធ្វើលំហាត់ប្រាណផ្ទាល់ខ្លួន ដោយផ្អែកលើប្រវត្តិជំងឺ និងស្ថានភាពសុខភាពរបស់អ្នក៕
អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ ដែលស្ត្រីកំពុងពរពោះ ចាំបាច់ត្រូវទទួលទាន
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com