តើរទេះទារក(baby walkers)មានសុវត្ថិភាព និងផ្តល់ការលូតលាស់សម្រាប់់ទារកដែរឬទេ?
- ការលូតលាស់
- ខែធ្នូ 27, 2019
ជាទូទៅ ទារកអាចរៀនងើប និងរៀនដើរ នៅអំឡុងពួកគេមានអាយុពី៩ ទៅ១២ខែ ហើយទារកនឹងអាចក្រោក និងបោះជំហានដើរបានល្អ នៅអំឡុងពួកគេមានអាយុចន្លោះពី១៤ ទៅ១៥ខែ។ ករណីដូចគ្នានេះ ទារកខ្លះអាចត្រូវចំណាយពេលយូរជាងនេះបន្តិច គឺអាចទាល់តែពួកគេមានអាយុពី១៦ ទៅ១៧ខែ ទើបអាចដើរបានល្អដូចក្មេងដទៃទៀត។
អត្ថបទគួរអាន៖ ហេតុអ្វីក្មេងមិនត្រូវអង្គុយបត់ភ្លៅកង្កែប ឬជារាងអក្សរ «w»?
នៅពេលទារកមានអាយុជិត១ខួប ឪពុកម្តាយមួយចំនួននឹងរកវិធីផ្សេងៗ ដើម្បីជួយឱ្យពួកគេអាចឈរ ឬបោះជំហានទៅមុខបាន ព្រោះទារកនៅក្នុងអំឡុងអាយុប៉ុណ្ណេះ ក្រៅពីចេះវារ ឬលូន ពួកគេចាប់ផ្តើមរៀនក្រោកឈរ ដើម្បីត្រៀមខ្លួនរៀនដើរ។១.រទេះទារក (Baby Walker)អាចជួយឱ្យរាងកាយទារកលូតលាស់បានល្អឬទេ?
ឪពុកម្តាយភាគច្រើន តែងប្រើមធ្យោបាយមួយនេះ ដើម្បីជាជំនួយក្នុងការជួយឱ្យកូនរៀនឈរ និងរៀនប្រើជើងបោះជំហានទៅមុខ។ ប៉ុន្តែ ការប្រើរទេះជំនួយបែបនេះ ត្រូវបានគ្រូពេទ្យឯកទេសកុមារមួយ(The American Academy of Pediatrics)នៅសហរដ្ឋអាមេរិក លើកឡើងថា នឹងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ចំពោះផ្នែកផ្សេងៗនៃសរីរាង្គកាយរបស់ក្មេងទៅវិញទេ។ ទារកនឹងក្រោកឈរ ហើយដើរបានល្អដោយខ្លួនឯង នៅពេលកម្លាំងជើងរបស់គាត់លូតលាស់ និងមានសភាពរឹងមាំបានល្អ គឺអំឡុងអាយុពី១៤ ទៅ១៥ខែ ឬពី១៦ ទៅ១៧ខែ។
អត្ថបទគួរអាន៖ ការវិវឌ្ឍប្រែប្រួលរាងកាយ និងបញ្ញារបស់ទារក ក្រោយពេលសម្រាលរហូតដល់អាយុ១ខួប
២.តើមានជម្រើសអ្វីខ្លះដែលអាចជំនួសរទេះរបស់ទារកបាន?
មានជម្រើសជាច្រើនផ្សេងទៀត ដែលអាចជួយដល់ការលូតលាស់ផ្នែកសរីរាងកាយ និងស្មារតីរបស់ទារក ដូចជា នាំគាត់លេងនៅសួនកុមារ ដែលមានទីធ្លាធំទូលាយ មានដើមឈើ ព្រមទាំងឧបករណ៍សម្ភារៈលេង ដើម្បីឱ្យក្មេងអាចធ្វើសកម្មភាពផ្សេងៗបានដោយខ្លួនឯង ដោយគ្រាន់តែមានឪពុកម្តាយនៅក្បែរចាំជួយគាត់ក្នុងស្ថានភាពណាមួយ ដែលគិតថាអាចនឹងមានគ្រោះថ្នាក់ចំពោះគាត់។គួរដឹងថា នៅពេលយើងប្រើឧបករណ៍ជំនួយ ដូចជារទេះទារក (Baby Walker)ជាដើម ដើម្បីឱ្យទារករៀនដើរមុនអាយុដែលគាត់អាចដើរបាន នឹងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់នៅផ្នែកសាច់ដុំជើង និងផ្នែកផ្សេងៗនៃរាងកាយរបស់គាត់។ មួយវិញទៀត នៅក្នុងករណីមានការធ្វេសប្រហែលណាមួយរបស់ឪពុកម្តាយ ឬអាណាព្យាបាល ដែលដាក់ទារកនៅក្នុងរទេះ អាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់រាងកាយ ឬអាយុជីវិតរបស់ក្មេងទៀតផង៕
អត្ថបទគួរអាន៖ ចង់ឲ្យកូនៗសម្រេចដល់គោលដៅ និងមានអនាគតល្អប្រសើរ ឪពុកម្តាយគួរអនុវត្តនូវវិធីសាស្ត្រទាំង៦នេះ
ប្រែសម្រួលដោយ៖ ស៊ីន សុភាព
រក្សាសិទ្ធិដោយ៖ www.konkmeng.com